(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលស្តីពី «វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សា» ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សរុបប្រមាណ៨០នាក់។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ណេប សាមុត បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីចូលរួមចំណែកមួយកម្រិតបន្ថែមចំពោះសិក្ខាកាមទាំងអស់ ពិសេសមន្ត្រីអនុវត្តផ្ទាល់នៅតាមគោលដៅរាជធានី-ខេត្ត ដែលនឹងត្រូវដើរតួជាអ្នកអនុវត្តផង (ចុះធ្វើការវាយតម្លៃ) និងត្រូវក្លាយជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលបន្តដល់ក្រុមការងារនៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ រាជធានី-ខេត្ត យោងតាមតម្រូវការអនុវត្តជាក់ស្តែង។

លោកបានបន្តថា ក្នុងជំហានទី២ ក្រសួងទេសចរណ៍បានដាក់ចេញបន្ថែមនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន០៤ទៀតគឺ៖

ទី១៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មបៀហ្គាឌិន
ទី២៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មខារ៉ាអូខេ
ទី៣៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មរង្គសាល និងឌីស្កូតែក
និងទី៤៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មម៉ាស្សា។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសេចក្តីជូនដំណឹងលេខ៨៨២ សជណ.អគឧ ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ។ ប៉ុន្តែត្រូវអនុលោមនឹងលក្ខខណ្ឌចំនួន០២រួមមាន៖

ទី១៖ មិនមែនជាការអនុញ្ញាតឱ្យបើកដំណើរដោយស្វ័យប្រវត្តិនោះទេ មានន័យថា មុននឹងបើក រដ្ឋបាលរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវឱ្យម្ចាស់អាជីវក្មបំពេញកិច្ចសន្យាគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។

ទី២៖ ក្នុងដំណើរការអនុវត្តប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការជាធរមាន៕