(ភ្នំពេញ)៖ ក្រៅពីការសរសេរ Spot News ឬព័ត៌មានទាន់ហេតុការណ៍ ប្រភេទព័ត៌មាន News Update ឬ News Developing ដែលមានន័យជាភាសាខ្មែរថា ការវិវឌ្ឍព័ត៌មាននោះ គឺជាផ្នែកសំខាន់មួយទៀត ដែលអ្នកសាព័ត៌មានគួរតែយល់ពីរបៀបនៃការប្រើប្រាស់ឲ្យបានច្បាស់។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News។

ព្រឹទ្ធាចារ្យលើវិស័យព័ត៌មានខាងលើ បានបន្ថែមថា ព័ត៌មានទាន់ហេតុការណ៍ (Spot News) គឺជាដំណាក់កាលដំបូងសម្រាប់សរសេរព័ត៌មាន នៅពេលដែលមានព្រឹត្តិការណ៍ធំណាមួយកើតឡើង។ ប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍នោះមានកាវិវឌ្ឍ អ្នកព័ត៌មាន ត្រូវសរសេរព័ត៌មានអំពីការវិវឌ្ឍនៃព្រឹត្តិការណ៍នោះ ឬអាចហៅបានថា News Update ឬ News Developing។ ដោយការសរសេរបែបនេះ ងាយស្រួលដល់អ្នកអាន និងអ្នកទស្សនា តាមដានសាច់រឿងតាំងពីដើមរហូតដល់ចប់។ មិនតែប៉ុណ្ណោះជួយឲ្យអ្នកអាន ឬអ្នកទស្សនាជក់ចិត្តតាមដានព័ត៌មានកាន់តែខ្លាំងថែមទៀតផង។

សម្រាប់គន្លឹះនៃការសរសេរការវិវឌ្ឍព័ត៌មាន ឬ News Update ឬ News Developing ឲ្យបានល្អ ព្រឹទ្ធាចារ្យ បានលើកឡើងថា«ដើម្បីធ្វើ Update News យើងត្រូវដឹងថាខ្យល់វាបក់មកពីណា? យើងមិនមែនអ្នកបង្កើតរឿងទេ តែយើងត្រូវដឹងថាទំនោ ឬខ្យល់ទៅខាងណា។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សាយពី សន្តិសុខ និងសុវត្ថិភាពផ្សេងៗ»។

នៅក្នុងន័យនេះលោក ម៉ារ យ៉ារិទ្ធ លើកទឹកចិត្តឲ្យអ្នកព័ត៌មានត្រៀមទុកជាមុននូវអត្ថបបទ ឬឯកសារផ្សេងៗ ដើម្បីសរសេរបន្តព័ត៌មាន ឬអាចនិយាយបានថា ព្រៀងព័ត៌មានទុកមុន នៅក្នុងលក្ខខណ្ឌដែល ព័ត៌មានវិវឌ្ឍន៍បន្តដូចអ្វីដែលបានព្រៀងទុក នោះអត្ថបទព័ត៌មាននឹងចេញផ្សាយបានលឿន។

គួរបញ្ជាក់ដែរថា ម៉ារ យ៉ារិទ្ធ គឺជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះព្រឹទ្ធាចារ្យដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា នៅ FTC សូមទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334