(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្នុង «វេទិកានវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ឆ្នាំ២០២១» ក្រោមមូលបទ «ពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងកសាងសហគមន៍សុខភាពសកលមួយសម្រាប់មនុស្សជាតិ» ដែលបានធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្វែងចិងហ្គែង (Fangchenggang) តំបន់ស្វយ័តជនជាតិជ័ងក្វាងស៉ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន។ ការថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញ របស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តបតាមការអញ្ជើញរបស់ លេខាធិការដ្ឋាននៃវេទិកានវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ របស់ចិន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងជាអាទិ៍ ដូចតទៅ៖

កម្ពុជាជឿជាក់ថា ការកសាងពិភពលោកមួយប្រកបដោយសុវត្ថិភាព និងសុខភាព អាស្រ័យទៅលើចក្ខុវិស័យរួម និងការយល់ដឹងច្បាស់ ដែលអាចអនុវត្តបានរបស់បណ្តាប្រទេសទំាងអស់នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវផលប្រយោជន៍របស់មនុស្សជាតិទំាងអស់ និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយរបស់យើង ដែលជាចំណុចស្នូលមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។ ជាពិសេសនៅក្នុងពេលវេលាដ៏សំខាន់នេះ ដែលផលប៉ះពាល់នៃការរាលដាលជំងឺកូវីដ-១៩ កំពុងតែកាត់បន្ថយអត្ថប្រយាជន៍ជាច្រើននៅក្នុ្ងងវិស័យសុខាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍។

ក្នុងបរិបទនេះ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ «វេទិកានវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ឆ្នាំ២០២១» ក្រោមមូលបទ «ពង្រឹងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងកសាងសហគមន៍សុខភាពសកលមួយសម្រាប់មនុស្សជាតិ» ហើយរំពឹងថា វេទិកានេះនឹងផ្តល់នូវវេទិកាមួយ ដែលប្រទេសចូលរួមទាំងអស់អាចចែករំលែកមេរៀន ជំនាញ បទពិសោធន៍ និងការអនុវត្តល្អៗជុំវិញសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត និងនវានុវត្តន៍ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩បច្ចុប្បន្ន និងការធ្វើឱ្យប្រសើរឡើងដល់សុខភាពរបស់មនុស្សជាតិ។

បច្ចេកវិទ្យាដ៏សំខាន់ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាលស្ថិតនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយសុខភាពជាច្រើន។ បច្ចេកវិជ្ជាឌីជីថលនិងវេជ្ជសាស្រ្ត អាចជួយលើកកម្ពស់ការអប់រំផ្នែកវេជ្ជសាស្រ្ត ព័ត៌មានសុខភាព និងការតាមដានអំពីជំងឺរាតត្បាត និងការវិភាគស្ថិតិ ហើយធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែមានភាពឆ្លើយតប និងមាននិរន្តរភាព តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាថែទំាសុខភាព កាត់បន្ថយការចំណាយដល់អ្នកជំងឺ និងអ្នកប្រើប្រាស់សេវា លើកកម្ពស់គុណភាពនៃការថែទំាសុខភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល។

ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យរួម ក្នុងការកសាងសហគមន៍សុខភាពសកលមួយសម្រាប់មនុស្សជាតិ ជាពិសេសចំពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាដ៏រឹងមាំ ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយផលវិបាកនៃសេដ្ឋកិច្ច-សង្គម។

ជាលទ្ធផល ការឆ្លងរាតត្បាតបច្ចុប្បន្ននេះ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន សម្រេចបានអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សំាងខ្ពស់ដល់ទៅ ៨៨,៤៥% នៃចំនួនប្រជាជន ១៦លាននាក់ ដែលបានទទួលការចាក់វ៉ាក់សំាងពេញលេញ គិតមកត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នំា២០២១ ជាមួយនឹងការចាក់លើកទី៣ កំពុងតែបន្តបានបង្កើនសមត្ថភាពនៃប្រព័ន្ធសុខាភិបាលសម្រាប់ត្រៀមខ្លួន និងឆ្លើយតបនឹងជំងឺ បានកែលម្អការផ្តល់សេវាសុខភាព ជាពិសេសការថែទំាសង្រោះបន្ទាន់ និងចាំបាច់ បានបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តភាព និងបរិវត្តន៍ឌីជីថល ដើម្បីបង្កើនប្រព័ន្ធតាមដាន និងឆ្លើយតបនឹងជំងឺ ការផ្តល់សេវាថែទំាសុខភាព ប្រព័ន្ធទូទាត់អេឡិចត្រូនិច សម្រាប់ការផ្ទេរប្រាក់ក្នុងការគាំពារសង្គម (Social transfers)។ល។

សរុបសេចក្ដីទៅ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការឆ្ពោះទៅរកការកសាងសហគមន៍សុខភាពសកលមួយសម្រាប់មនុស្សជាតិ ត្រូវការកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកដ៏មុតមាំ និងប្រកប ដោយប្រសិទ្ធភាព។ ដោយសារការរាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ជាមួយនឹងការលេចចេញថ្មីនៃវីរុសបម្លែងថ្មី ដែលមានឈ្មោះថា អូមីក្រុង (Omicron) មានតម្រូវការចាំបាច់សម្រាប់ការឯកភាពជាសកលដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព ក្នុងស្មារតីពហុភាគីនិយមដើម្បីបង្កើនសមត្ថភាពនៃការត្រៀមលក្ខណៈជាមុន ការត្រៀមខ្លួនប្រតិបត្តិការ និងការឆ្លើយតបជាសមូហភាព មិនមែនគ្រាន់តែទៅនឹងវិបត្តិសុខភាពសារធារណៈជាសកលនាពេលបច្ចុប្បន្ន និងផលវិបាកសេដ្ឋកិច្ច-សង្គមរបស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវទប់ទល់នឹងការផ្ទុះឡើងនៃជំងឺឆ្លង និងការគំរាមកំហែងសុខភាពសាធារណៈផ្សេងទៀត និងព្រឹត្តិការណ៍អាសន្ន នាពេលអនាគតផងដែរ៕