(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាលស៊ាសិនលើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧។ កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន ជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារ ដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបានក្នុងឆ្នាំ២០២១នេះ និងដាក់ចេញនូវគោលនយោបាយនាឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងារ របស់ធនាគារកណ្តាលជាសមាជិក។

លោកទេសាភិបាល បានចូលរួមអនុម័តលើកម្មវិធីបណ្តុះបណ្តាលស៊ាសិន សម្រាប់ឆ្នាំ២០២២ ថវិកាសម្រាប់ដំណើរការមជ្ឈមណ្ឌលស៊ាសិន ផែនការយុទ្ធសាស្ត្រលើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ឆ្នាំ២០២២-២០០២៣ ការវាយតម្លៃលើលទ្ធផលការងារមជ្ឈមណ្ឌលស៊ាសិន និងការងារផ្សេងៗទៀត។

លោក ជា ចាន់តូ បានថ្លែងអបអរសាទរ ចំពោះលទ្ធផលដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាននៅឆ្នាំ២០២១នេះ ជាពិសេសការបន្តរក្សាគុណភាព នៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ទោះបីជាស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

លោកទេសាភិបាលបានលើកឡើងពី ការបន្តផ្តល់ការបណ្តុះបណ្តាល តាមរយៈប្រព័ន្ធអនឡាញដោយបានស្នើឱ្យ មានការបង្កើនរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់ ជាលំដាប់នៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ មានការធូរស្បើយហើយធនាគារជាតិនៃកម្ពុជា ស្វាគមន៍សហការរៀបចំវគ្គបណ្តុះបណ្តាលមួយចំនួន របស់មជ្ឈមណ្ឌលស៊ាសិននៅឆ្នាំ២០២២ខាងមុខ។

សូមបញ្ជាក់ថា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចាត់មន្ត្រីចំនួន១៣២រូប ចូលរួមវគ្គបណ្តុះបណ្តាល និងស្រាវជ្រាវនានា ពាក់ព័ន្ធនឹងការអនុវត្ត និងមុខងារភារកិច្ចធនាគារកណ្តាល និងភាពជាអ្នកដឹកនាំ ដែលរៀបចំដោយមជ្ឈមណ្ឌលស៊ាសិន។

ធនាគារជាតិនៃកម្ពុជា ត្រូវបានស្នើសុំឱ្យធ្វើជាប្រធានក្រុមប្រឹក្សាទេសាភិបាល សម្រាប់ឆ្នាំ២០២៣ ក្នុងនោះធនាគារជាតិនៃកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការសម្រេចចិត្តផ្នែកគោលនយោបាយចម្បងៗ របស់មជ្ឈមណ្ឌលស៊ាសិន។

លោកទេសាភិបាល បានថ្លែងអំណរគុណ ដល់អង្គប្រជុំសម្រាប់ការផ្តល់សេចក្តីទុកចិត្ត និងបានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សា ទេសាភិបាលស៊ាសិនសម្រាប់ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសនោះលោកទេសាភិបាលបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ធនាគារកណ្តាលព្រុយណេ ក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិនឆ្នាំ២០២១ និងត្រៀមខ្លួនគាំទ្រធនាគារកណ្តាលវៀតណាម ក្នុងការបំពេញបេសកកម្មជាប្រធានក្រុមប្រឹក្សាទេសាភិបាលស៊ាសិននៅឆ្នាំ២០២២។

ទន្ទឹមនឹងកិច្ចប្រជុំសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ស៊ាសិនលើកទី៥៧ បានពិភាក្សាលើប្រធានបទស្ដីពី «ដំណើរឆ្ពោះទៅកាន់ការត្រួតពិនិត្យ និងនិយ័តកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលូបនីយកម្មនៃវិស័យហិរញ្ញវត្ថុ៖ ឥទ្ធិពលចំពោះធនាគារកណ្តាល»។

ក្នុងនោះអង្គសន្និសីទ និងសិក្ខាសាលាជាន់ខ្ពស់បានបង្ហាញ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធនាគារ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ពង្រឹងការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ ការអភិវឌ្ឍទាំងនេះត្រូវបានពិនិត្យឃើញ ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលកំពុងផ្លាស់ប្តូររបៀបនៃការទូទាត់ និងពន្លឿនប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។
ធនាគារកណ្តាលមួយចំនួនបានចែករំលែកបទពិសោធន៍ ពីការពង្រឹងការត្រួតពិនិត្យ និងនិយ័តកម្មលើការប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីបញ្ជៀសពីហានិភ័យនានាដែលអាចកើតឡើងដូចជា ការឆបោក ឧក្រិដ្ឋកម្មសាយប័រ ការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម ជាដើម។

ម្យ៉ាងទៀតធនាគារកណ្តាលមួយចំនួន ក្នុងតំបន់ក៏បានសិក្សាពីរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (CBDC) ដើម្បីសម្របខ្លួន និងទាញផលចំណេញ ពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ជាមួយនឹងការរក្សាអធិបតេយ្យភាពរូបិយវត្ថុ និងការគ្រប់គ្រងនយោបាយរូបិយវត្ថុ។

សូមជម្រាបថា មជ្ឈមណ្ឌលស៊ាសិនមានសមាជិកចំនួន១៩ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានសមាជិកបម្រុង៨ សមាជិកសង្កេតការណ៍៨ និងដៃគូយុទ្ធសាស្ត្រជាច្រើនទៀត ដោយមានបេសកកម្មផ្តោត លើការពង្រឹងសមត្ថភាពជំនាញ របស់មន្ត្រីធនាគារកណ្តាលនៃប្រទេសជាសមាជិក៕