(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើពិធីប្រគល់ឈាបនដ្ឋាន ជូនទៅចៅអធិការវត្តបឹងកុកវិញ បន្ទាប់ពីបានជួសជុល និងបានធូរស្រាលពីការឆ្លងរាលដាល និងស្លាប់ដោយសារជំងឺកូវីដ១៩។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងកំឡុងពេលខេត្តកំពង់ចាមមានប្រជាពលរដ្ឋបានឆ្លងជំងឺកូវីដ១៩ យ៉ាងកំហុក និងមានអ្នកស្លាប់ជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តបានខ្ចីឈាបនដ្ឋាន វត្តបឹងកុក ដើម្បីបូជាសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានរំលឹកថា ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ ឆ្លងរាលដាលយ៉ាងកំហុក និងធ្វើឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់នោះ អាជ្ញាធរខេត្ត មានការលំបាកក្នុងការរកទីតាំងដើម្បីបូជាសពដោយហេតុថា ចៅអធិការវត្តមួយចំនួន មានការភ័យខ្លាចជំងឺកូវីដ១៩ ឆ្លងតាមរយៈការបូជាសព និងមានផលប៉ះពាល់ដល់ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត និងខ្លាចមានការរើសអើងពីពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ដូច្នោះហើយ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការវត្តបឹងកុក និងវត្តកោះប្រាក់ ដែលបានផ្ដល់ទីតាំងសម្រាប់ធ្វើការបូជាសព អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នាពេលកន្លងមក។

លោកអភិបាលខេត្ត បានបន្តថា ដោយមើលឃើញថា ឈាបដ្ឋានវត្ថុបឹងកុក មានសភាពចាស់ទ្រុឌទ្រោម ទើបក្រោយពេលបានធូរស្រាល ពីជំងឺឆ្លងដ៏កាចសាហាវនេះ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការជួសជុលឈាបនដ្ឋាននេះបានរួចរាល់ និងប្រគេនដល់ព្រះចៅអធិការវត្តវិញ ដើម្បីចាតចែងប្រើប្រាស់តាមបែបព្រះពុទ្ធសាសនាវិញ៕