(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គ «បណ្តុះបណ្តាលតម្រង់ទិសជាស៊េរី» ជូនសិក្ខាកាមជាមន្ត្រីរាជការក្របខណ្ឌថ្មីថ្នាក់កណ្តាល របស់ក្រសួងឆ្នាំ២០១៨-២០២០ ចំនួន ៥៦៣នាក់។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

ពិធីបើកវគ្គបណ្តុះបណ្តាល បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ និងមានការចូលរួមពីអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូឧទ្ទេស និងសិក្ខាកាម។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីនេះ ពិតជាមានសារសំខាន់ សម្រាប់មន្ត្រីរាជការថ្មី ក្នុងការស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងលើទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ អភិបាលកិច្ច និង ការងាររដ្ឋបាលក្នុងវិស័យសាធារណៈ។ ជាពិសេសចំណុចគន្លឹះសំខាន់ៗ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរបស់ព្រះរាជា-ណាចក្រកម្ពុជា ដែលជាមូលដ្ឋានតម្រង់ទិសក្នុងការបំពេញមុខងារ តួនាទី ភារកិច្ច និង ការរៀបចំខ្លួនសមត្ថភាពជំនាញ សម្រាប់ការបន្តវេនប្រកបដោយចីរភាព និង ប្រសិទ្ធភាព ក្នុងការរួមចំណែកលើការដឹកនាំ និង ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់កម្ពុជា នៅក្នុងពេលអនាគត ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា ក្នុងបរិការណ៍សាកលូបនីយកម្មសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន, កម្ពុជាត្រូវបន្តរៀបចំខ្លួនថែមទៀត ខាងសមត្ថភាពធនធានមនុស្ស ពិសេសសម្រាប់មន្ត្រីវ័យក្មេង ដើម្បីចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច, បង្កើនសមត្ថភាពប្រកួតប្រជែង និងរក្សាចីរភាពនៃសមិទ្ធផលសម្រេចបានកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តជាផ្លូវការតាំងពីឆ្នាំ ២០០៧ នូវផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព ដំបូង និងបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដោយកំណត់យកការបណ្តុះបណ្តាលតម្រង់ទិស ជាអាទិភាពគន្លឹះមួយ នៃកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្ត្រីរាជការ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រ និងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី១ និងទី២ ឱ្យទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការកសាងភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ។ បច្ចុប្បន្នកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាល៣ បូក ២ ដែលជាចំណុចរបត់ដ៏សំខាន់ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង រៀបចំខ្លួនដើម្បីឈានទៅអនុវត្តដំណាក់កាលទី៤ សំដៅបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម។

ទន្ទឹមនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន ហើយគ្រោងនឹងពង្រីកទៅដល់គ្រប់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ នៅគ្រប់រាជធានីខេត្ត ទាំង២៥ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធានាតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា នៃព័ត៌មាន ទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករណ៍ និង ធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ។

ការណ៍នេះ បានឆ្លុះឱ្យឃើញថា វគ្គបណ្តុះបណ្តាលតម្រ់ងទិសនាពេលនេះ ពិតជាមានសារសំខាន់ ព្រោះថាវគ្គបណ្តុះ-បណ្តាលនឹងផ្តល់ឱកាសដ៏ល្អសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ក្នុងការក្រេបយកចំណេះដឹង និង ចំណេះធ្វើ ឆ្លើយតបទៅនឹងតម្រូវការ ក្នុងការអនុវត្តតួនាទីភារកិច្ច នៅក្នុងអង្គភាពនីមួយៗ សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព៕