(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឧបត្ថម្ភអំពូលភ្លើងសូឡាចំនួន១០០អំពូល និងបង្គោលចំនួន១០០ដើម ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យ ជូនដល់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីរៀបចំដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈ និងតាមមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាល។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងថា អាជ្ញាធរស្រុកបូទុមសាគរ មានសេចក្តីសោមនោស្សរីករាយក្រៃលែងដែលអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group បានឧបត្ថម្ភនៅអំពូលភ្លើងសូឡាចំនួន ១០០អំពូល និងបង្គោលចំនួន១០០ដើម ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យ ជូនដល់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីរៀបចំដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈ តាមមូលដ្ឋាន និងតាមដងវិថីសាធារណៈ ដើម្បីហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាព នៅតាមដងវិថីឱ្យមានភាពសោភ័ណភាព និងឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចចេញចូលក្នុងភូមិ និងសុវត្ថិភាពក្នុងប្របកអាជីវកម្មផ្សេងៗ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ហើយមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយក្នុងពេលយប់។

លោកអភិបាលស្រុក បានបន្តថា អំពូលភ្លើងសូឡាទាំង១០០អំពូលនេះ ក្រុមការងារនឹងរៀបចំបំពាក់ឱ្យចំគោលដៅមិនឱ្យម្ចាស់អំណោយខកបំណងឡើយ ហើយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលខ្វះ ភាពកក់ក្តៅនៅពេលយប់ឱ្យមានសុវត្ថិភាពក្នុងពេលយប់ឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថា អំពូលភ្លើងសូឡាចំនួន១០០នេះ លោកបានត្រៀមបំពាក់នៅឃុំថ្មស ចំនួន៥០អំពូល បំពាក់តាមដងវិថីសាយភូថង ចំនួន៣០ដើមបន្ថែមទៀត ហើយចំនួន២០អំពូលទៀត ត្រៀមបំពាក់នៅតាមភូមិដាច់ស្រយាលជាងគេ។ ចំពោះអំពូលភ្លើងសូឡា ដែលប្រើថាមពលពន្លឺព្រះអាទិត្យនេះ អាជ្ញាធរបានទទួលពីសម្បុរសជន និងបំពាក់តាមដងផ្លូវជាតិលេខ៤៨ វិថីសាយភូថង តាមផ្លូវសាធារណៈតាមមូលដ្ឋានសរុបចំនួនជាង ៧០០អំពូល។

លោក ម៉ៅ លីណា តំណាងឱ្យអ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា បានមើលឃើញនៅភាពលំបាក់ការកង្វះខាត់ប្រព័ន្ធអគ្គីសនីប្រើប្រាស់ និងបំភ្លឺតាមដងផ្លូវសាធារណៈនៅតំបន់ដាច់ស្រយាលមានភាពលំបាក ក្នុងការធ្វើចរាចចេញចូលក្នុងភូមិតាមមូលដ្ឋានពេលយប់ អ្នកឧកញ៉ាក៏បានឧបត្ថម្ភអំពូលភ្លើងសូឡា និងបង្គោលភ្លើងចំនួន១០០ដើម ដើម្បីបំពាក់ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងធ្វើចរាចរណ៍ចេញ ចូលពេលយប់មានសុវត្ថិភាព និងការប្រកបអាជីវកម្មមានភាពងាយស្រួល ជាពិសេសការបង្កើតហេដ្ឋារចនាសោភ័ណភាពក្នុងមូលដ្ឋាន និងស្រុកបូទុមសាគរ ឱ្យសោភ័ណភាព ក្នុងការលើកស្ទួយផ្នែកវិស័យទេចរណ៍មានភាពរីកចម្រើនទៀតផង៕