(កំពង់ឆ្នាំង)៖ មន្ត្រីបរិស្ថាន ខេត្តកំពង់ឆ្នាំង បានបញ្ជូនខ្លួនមនុស្សប្រុសស្រី២នាក់ នៅស្រុកកំពង់លែង មកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្នុងករណីចចេស រឹងរុសមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នៅបន្តលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ

ជនទាំង២នាក់ ដែលត្រូវបានមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បាននាំខ្លួនមកកាន់អយ្យការសាលាដំបូងខេត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តខាងលើនេះ មានឈ្មោះ ជុំ ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទន្លេ ឃុំពោធិ៍ ស្រុកកំពង់លែង និងម្នាក់ទៀតឈ្មោះ ក្រឹង មាលា ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង។

ជនទាំង២នាក់នេះ បានចូលទៅកាប់រានទន្ទ្រានដីព្រៃសហគមន៍ នៅចំណុចឃុំពោធិ៍ ស្រុកកំពង់លែង ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងដោយមន្ត្រីបរិស្ថាន។

ជុំវិញករណីឃាត់ខ្លួនមនុស្សទាំង២នាក់ខាងលើនេះលោក យូ សុគម ប្រធានការិយាល័យគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា «ករណីឃាត់ខ្លួន គឺអនុវត្តតាមដីការបស់តុលាការ តែមុននឹងឈានដល់ការឃាត់ខ្លួនជនទាំង២នាក់នេះ គឺដំបូងឡើយលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកបានចុះបំពេញការងារនៅចំណុចឃុំពោធិ៍ ស្រុកកំពង់លែង ខណៈនោះដែរ លោកក៏បានប្រទះឃើញស្នាមកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ថ្មីៗ ហើយលោកក៏បានបញ្ជាមកមន្ទីរបរិស្ថានឱ្យចុះស្រាវជ្រាវករណីនេះជាបន្ទាន់»។

លោកបានបន្តថា បន្ទាប់ពីទទួលបានបទបញ្ជាក្រុមការងាររបស់លោកបានចុះធ្វើការស្រាវជ្រាវ និងសាកសួរសាក្សីប្រជាពលរដ្ឋចំនួន៣នាក់នៅក្នុងឃុំពោធិ៍ បន្ទាប់ពីបានដឹងមុខសញ្ញាអ្នកកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ ខាងលើនេះហើយ ក្រុមការងារក៏បានរាយការណ៍ជូនលោកព្រះរាជអាជ្ញាសុំគោលការណ៍ ដើម្បីអនុវត្តន៍នីតិវិធីបន្ត។

លោកប្រធានការិយាល័យគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយទទួលបានដីកាបញ្ជាឱ្យចូលខ្លួនហើយនោះ នៅរសៀលថ្ងៃទី៦ ខែធ្នូ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្ត ក៏បានចុះទៅនាំខ្លួនជនទាំង២នាក់ខាងលើ យកមកប្រគល់ជូនស្ថាប័នអយ្យការ ដើម្បីបន្តនីតិវិធីច្បាប់៕