(រតនគិរី)៖ លោកស្រី Tina Redsaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូរពាក់ព័ន្ធក្នុងការសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។

ការកោតសរសើរនេះរបស់លោកស្រីឯកអគ្គរាជទូត បានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានចូលរួម កិច្ចប្រជុំស្ដីពីវឌ្ឍនភាពវិស័យសកម្មភាពមីន រវាងអាជ្ញាធរមីន និងភាគីពាក់ព័ន្ធវិស័យសកម្មភាពមីន ក្នុងខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

នាឱកាសនោះលោកស្រីបានបន្តថា កម្ពុជា និងចក្រភពអង់គ្លេស មានបេសកកម្មរួមគ្នា ក្នុងការចូលរួមសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីគ្រោះថ្នាក់ ដោយសារមីននៅកម្ពុជា ហើយកន្លងមកចក្រភពអង់គ្លេស បានផ្តល់ថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងន័យរួមចំណែកឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណានៅឆ្នាំ២០២៥ កម្ពុជាគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើទឹកដីរបស់ខ្លួន។

ក្នុងឱកាសនេះលោក គិត ទ្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់លោកស្រីឯកអគ្គរាជទូតអង់គ្លេស, លោកអគ្គលេខាធិការអាជ្ញាធរមីន ក្រុមប្រតិបត្តិករជាតិ-អន្ដរជាតិ ដែលបានចំណាយពេលវេលាដ៏មមារញឹកចូលរួមកិច្ចប្រជុំនាឱកាសនេះ

លោកអភិបាលរងខេត្តក៏បានលើកឡើងពីស្ថានភាពទូទៅនៅក្នុងខេត្ត និងវឌ្ឍនភាពវិស័យសកម្មភាពមីន នៅខេត្តរតនគិរី មកដល់ពេលបច្ចុប្បន្ន ការបោសសម្អាតមីន សម្រេចបានក្រឡាផ្ទៃបានបោសសម្អាតចំនួន ២៧,១៥៧,៦៧៦ម៉ែត្រការ៉េ មីនប្រឆាំងមនុស្ស២៦១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៤,០៩៤គ្រាប់។

ជាមួយគ្នានេះផងដែរ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបានចូលរួមជួយដល់ការងារបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩២ លើផ្ទៃដីជាង១២២គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត៧ម៉ឺនគ្រាប់។

លោកក៏បានស្នើសុំឱ្យចក្រភពអង់គ្លេស បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដើម្បីឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងគ្មានមីន ឆ្នាំ២០២៥ និងបានកោតសសើរយ៉ាងជ្រាលជ្រៅចំពោះប្រតិបត្តិករដោះមីន ក្រុមការងារ (MAPU) ក្រុមការងារផែនការសកម្មភាពមីនថ្នាក់ខេត្តស្រុក មន្ទីរ ស្ថាប័ន អង្គការដៃគូរអភិវឌ្ឍន៍នានា ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី មានតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានផ្ទៃដី នៅសល់សរុប ៥៩.២គីឡូម៉ែត្រការ៉េ ក្នុងនោះចម្ការមីន ២.៧គីឡូម៉ែត្រការ៉េ ចម្ការគ្រាប់បែកចង្កោម ៥៥.២គីឡូម៉ែត្រការ៉េ និងចម្ការសំណល់ជាតិផ្ទុះពីសង្រ្គាម ១.៣គីឡូម៉ែត្រការ៉េ៕