(ភ្នំពេញ)៖ កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បន្តចេញសារវាយប្រហារលោក សម រង្ស៊ី ទៀតហេីយ ជាមួយការផ្តល់រហស្សនាមថា «ប្រធានសកម្មប្រមូលស្រោមសំបុត្រ»

កញ្ញា កឹម មនោវិទ្យា បានសរសេរលេីទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី០៥ ខែធ្នូ នេះ ដោយរៀបរាប់ថា លោក សម រង្ស៊ី បានដឹកនាំក្រុមប្រឆាំងនៃអ្នកប្រជាធិបតេយ្យជាង២០ឆ្នាំ តែនៅពេលដែលលិទ្ធិប្រជាធិបតេយ្យ និងគណបក្សជួបគ្រោះថ្នាក់ គ្មានលទ្ធភាព និងសមត្ថភាពក្នុងការតស៊ូមតិ សូម្បីតែឥស្សរជនតំណាងផ្លូវការប្រទេសណាមួយ ក៏មិនដែលបានជួបផង។

កូនស្រីរបស់លោក កឹម សុខា បានរៀបរាប់ទៀតថា ៤ឆ្នាំនេះគ្មានរដ្ឋាភិបាលណាជួបពិភាក្សាទាល់តែសោះ បែរជាដើរនិយាយដោយគ្មានការខ្មាស់អៀនថាខ្លួនដឹកនាំការតស៊ូមតិ។

«ការដែលថតរូបរប៉េះរប៉ោះជាមួយតំណាងរាស្ត្របរទេសដែលនណាក៏អាចធ្វើបានមិនមានន័យអ្វីទេ។ ឯកឧត្តមបោកប្រាស់បានតែពលដ្ឋ ព្រោះគាត់មិនយល់ដំណើរការទាំងអស់នេះ និងបានបក្សកាន់អំណាចជួយបំពងឱ្យ ដោយគេជះកំហឹងដាក់គ្រប់ៗគ្នាមិនរើសមុខ។ អ្វីដែលឯកឧត្តមបានធ្វើជាទង្វើរបស់ពលរដ្ឋសម័ញ្ញម្នាក់ ពុំមែនអ្វីជាដុំកំភួនទេ»។ នេះជាការបកអាក្រាតរបស់កញ្ញា កឹម មនោវិទ្យា ចំពោះសកម្មភាព លោក សម រង្ស៊ី។

កញ្ញា កឹម មនោវិទ្យា បានប្រាប់ទៅលោក សម រង្ស៊ី ថា ឈប់ធ្វើថ្លង់ ឈប់ព្យាយាមបិទភ្នែក និងបន្លំពលរដ្ឋទៅ។

កញ្ញា មនោវិទ្យា បានប្រាប់លោក សម រង្ស៊ី ថា ប្រឹងតោងតែអាត្មា ហើយគួរសម្រាកព្រោះដល់ពេលហើយ។ ដោយឡែករឿងឪពុកកញ្ញា និងកញ្ញាបាននឹងកំពុងដោះស្រាយហើយ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃលោក កឹម សុខា ប្រកាសថារូបលោក លែងជាមនុស្សតែមួយជាមួយលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកាមកនោះ ក្រុមគាំទ្រលោក កឹម សុខា និងក្រុមគាំទ្រ លោក សម រង្ស៊ី បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា។

កញ្ញា កឹម មនោវិទ្យា ក៏បានចេញសារវាយប្រហារ លោក សម រង្ស៊ី យ៉ាងចាស់ដៃផងដែរ។

អ្នកវិភាគបានលើកឡើងថា «តាមរយៈសំណេររបស់កូនស្រី កឹម សុខា ខាងលើនេះ អាចបញ្ជាក់បានថា គឺមានការឯកភាពពីលោក កឹម សុខា ១០០% ដែលនេះយើងអាចបញ្ជាក់យ៉ាងច្បាស់គឺជាការវាយប្រហារពីសំណាក់ លោក កឹម សុខា ទៅលើ សម រង្ស៊ី»