(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យពន្លឿននីតិវិធីកាត់ទោសជនល្មើស ពាក់ព័ន្ធគ្រឿងញៀនធំៗ និងនីតិវិធីរឹបអូសទ្រព្យសម្បត្តិឱ្យបានលឿន។

ចំណុចនេះ គឺស្ថិតនៅក្នុងទិសដៅការងារចំនួន១០ចំណុចរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដើម្បីដាក់ចេញឱ្យក្រសួង ស្ថាប័ន អង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាពការងាររួមមាន៖

ទី១៖ បន្តជំរុញអនុវត្តសកម្មភាពប្រតិបត្តិការ នៅក្នុងផែនការយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ ឱ្យបានកាន់តែផុលផុសថែមទៀត ជាពិសេសជំរុញការងាររបស់គណៈកម្មការទទួលបន្ទុកតាមវិស័យនីមួយៗ

ទី២៖ បន្តការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់គ្រឿងញៀន តាមមុខសញ្ញាដែលត្រូវអប់រំ និងគោលដៅសំខាន់ៗ។ រៀបចំពង្រឹងជនបង្គោលអប់រំគ្រឿងញៀនតាមសាលារៀន និងរោងចក្រ សហគ្រាសដទៃទៀត ស្របពេលស្ថានភាពនៃការបើកដំណើរការសង្គម-សេដ្ឋកិច្ច និងសាលារៀនឡើងវិញជាបណ្តើរៗ។

ទី៣៖ បន្តពន្លឿនប្រសិទ្ធភាពការងារអនុវត្តច្បាប់ដូចជា៖ ការពន្លឿននីតិវិធីការកាត់ទោសជនល្មើសពាក់ព័ន្ធគ្រឿងញៀនធំៗ និងនីតិវិធីរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឱ្យបានលឿន។

ទី៤៖ បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងត្រួតពិនិត្យ សារធាតុគីមីផ្សំ រៀបចំការបណ្តុះបណ្តាលឱ្យបានទូលំទូលាយ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសារធាតុគីមីផ្សំឱ្យបានហ្មត់ចត់។

ទី៥៖ ត្រូវពង្រឹងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ។ រៀបចំឱ្យបានរួចរាល់នូវលក្ខខណ្ឌគោលសម្រាប់អ្នកញៀនគ្រឿងញៀន ដែលត្រូវយកទៅព្យាបាលរយៈពេលវែងនៅមជ្ឈមណ្ឌលជាតិ។ ពង្រឹងរចនាសម្ព័ន្ធធនធានមនុស្ស និងការគ្រប់គ្រងនៅមជ្ឈមណ្ឌលជាតិ។ ពង្រឹងគុណភាពគ្រូពេទ្យផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលសុខភាព សហគមន៍ទាំង ៣៥៥កន្លែង។

ទី៦៖ ចំពោះការពង្រឹងយន្តការថ្នាក់ក្រោមជាតិ ត្រូវរៀបចំបញ្ចូលសមាភាពគណៈកម្មការភូមិ-ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ទៅក្នុងសមាសភាពគណៈកម្មការដឹកនាំ និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានចប់សព្វគ្រប់។ ស្នើខេត្តនីមួយៗ កំណត់ឱ្យបានរួចរាល់នូវភូមិស គ្មានគ្រឿងញៀន នៅដើមឆ្នាំ២០២២ ដើម្បីចាប់ផ្តើមអនុវត្តការងារ។ ពង្រឹងយន្តការ BLO និងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន១៥១១ សម្រាប់ខេត្តជាប់ព្រំដែន។

ទី៧៖ បញ្ចប់ការរៀបចំចងក្រងគោលនយោបាយភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន នៅតាមព្រំដែន។ បន្តសម្រេចការងារសហប្រតិបត្តិការជាមួយភាគីចិន ស្តីពីជំនួយការរៀបចំបណ្តាល័យអប់រំគ្រឿងញៀន នៅតាមសាលារៀនគោលដៅសំខាន់ (បានរៀបចំជិតរួចរាល់ចំនួន០១ នៅវិទ្យាល័យបឹងត្របែក)។

ទី៨៖ បន្តអនុវត្តស្មារតីនៃអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាគ្រឿងញៀនលើកទី៧ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

ទី៩៖ ត្រៀមរៀបចំគោលនយោបាយលើកសរសើរពហុវិស័យ ចំពោះអង្គភាពពាក់ព័ន្ធលើការងារត្រួតពិនិត្យគ្រឿងញៀន។

និងទី១០៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវត្រៀមឯកសារពាក់ព័ន្ធទាំងអស់ដើម្បីត្រៀមធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំអាស៊ាន៕