(ក្រចេះ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារវះកាត់ និងសម្ពព នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ FIDR។

ថ្លែងក្នុងឱកាសនោះលោក ម៉ម ប៊ុនហេង បានអំណរអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលជួយឧបត្ថម្ភគាំទ្រាំដល់កម្ពុជា លើវិស័យសុខាភិបាល ជាពិសេសនៅពេលនេះ បានសាងសង់អាគារវះកាត់ និងសម្ភពដល់មន្ទីរពេទ្យ បង្អែកខេត្តក្រចេះ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ។ លោកក៏បានថ្លែងអំណរអរគុណ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ដៃអភិវឌ្ឍន៍ និងសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រាំ សហការបានល្អធ្វើឲ្យស្ថានភាពសុខភាពប្រជាជនយើងកាន់តែល្អ។

លោកបញ្ជាក់ទៀតថា ជប៉ុន ជាគឺមិត្តដែលបានជួយឧបត្ថម្ភគាំទ្រ តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋានទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសវិស័យសុខាភិបាលឲ្យបានឆ្លើយតប ទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីបុគ្គលិកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងខេត្ត ក្រោមការដឹកនាំ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ដែលបានខិតខំ អស់ពីកម្លាំងកាយចិត្ត ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ទោះជាស្ថិតក្នុងកាលៈទេសៈលំបាក ទាំងទឹកជន់ ទាំងទឹកស្រក និងទាំងជំងឺកូវីដ១៩ ដោយនេះជាការងារមួយដ៏មានសារៈសំខាន់ ដែលឆ្លើយតបបានទាន់ពេលវេលារហូតដល់មានមន្ត្រីបុគ្គលិក សុខាភិបាលបានចុះទៅ ព្យាបាលដល់លំនៅដ្ឋានរបស់ពួកគាត់ថែមទៀត។ ព្រមទាំងបានអប់រំសុខអំពីបញ្ហាសុខភាព ជូនគាត់។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ខេត្តក្រចេះមានការរីកចម្រើនជាច្រើនផ្នែកវិស័យសុខាភិបាល ដោយមានអគារប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព នៅតាមបណ្ដាឃុំទូទាំងខេត្ត ដោយមានការចូលរួមគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល អង្គការជប៉ុន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈឧបករណ៍ ដូច្នេះមន្ត្រីបុគ្គលិកសុខាភិបាលត្រូវខិតខំបន្តទៀត ត្រូវរៀនសូត្រ បន្តទៀត ដើម្បីទទួលបានបទពិសោធន៍ថ្មី ក្នុងការងារបច្ចេកទេស ជៀសវាងការបញ្ជូនអ្នកជំងឺ ទៅកាន់រាជធានីភ្នំពេញ ដែលនៅឆ្ងាយក្នុងករណីខ្វះខាតឧបករណ៍ជាដើម រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង និងជួយបំពេញបន្ថែមដើម្បីឲ្យខេត្តអាចធ្វើម្ចាស់ការខ្លួនឯង។

ជាមួយគ្នានេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូលរីករាយក្រៃលែងដែលខេត្តក្រចេះ បានទទួលនូវអាគារវះកាត់ និងសម្ភពថ្មីមួយខ្នង មានកម្ពស់២ជាន់ ក្នុងបរិវេនមន្ទីរពេទ្យខេត្ត ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ។

លោកសូមសម្ដែងនូវអំណរគុណណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋភិបាលជប៉ុន ដែលពេលកន្លងមកបានជួយអភិវឌ្ឍន៍ខេត្តក្រចេះយ៉ាងច្រើនសន្ធឹកសន្ធាប់នូវជំនួយឧបត្ថម្ភនានា និងការជួយស្ដារ សាងសង់ស្ពាន ប្រព័ន្ធធារាសាស្រ្ត សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យជាដើម។ ជាមួយគ្នានេះ លោកសូមថ្លែងអំណរអរគុណចំពោះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្ដរជាតិ ដែលបានជួយដល់មន្ទីរសុខាភិបាលខេត្ត តាមរយៈគម្រោងសល្យសាស្រ្តកុមារ ក្នុងការជួយបំពាក់បំប៉ន និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានរាយការណ៍សង្ខេបអំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្តក្រចេះជូនលោរដ្ឋមន្រ្តី ដោយគិតត្រឹមថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះស្រង់តាមយកសំណាកពិនិត្យ ចំនួន៤៩,២៨៥សំណាក ក្នុងនោះពិនិត្យ ដោយតេស្តរហ័សបានចំនួន៤២,៣៧២សំណាក តេស្ត PCR ចំនួន៦, ៩១៣សំណាក តេស្តសេក្វិនស៊ីង (sequencing) ចំនួន១៦សំណាក។

ចំពោះយុទ្ធនាការចាក់វ៉ាកសាំងកូវីដ១៩ ក្នុងខេត្តក្រចេះ សម្រេចបានលទ្ធផលជូនប្រជាពលរដ្ឋអាយុពី៥ឆ្នាឡើង សរុបចំនួន៣៤០,១០៧នាក់ នៃចំនួនគោលដៅសរុប ១០១,៨៣%។ប្រជាជនអាយុ១៨ឆ្នាំឡើង ចាក់បានចំនួន២២៩,១៦៦នាក់ ស្មើ៩៩,២៩%, ចាក់ដូសជំរុញបានចំនួន១០,៦៣២នាក់ ស្មើ៥%។ យុវជនអាយុ១២ឆ្នាំ ដល់ក្រោម១៨ចាក់បានចំនួន៤៨,៤៨៥នាក់ ស្មើ៩៧,២២% កុមារអាយុ៦ឆ្ នាំដល់ក្រោម១២ឆ្នាំ ចាក់បាន៦៥,១៨០នាក់ ស្មើ១៣១,១៧% និងកុមារអាយុ៥ឆ្នាំចាក់បាន៦,៣០៣នាក់ ស្មើ៦០%៕