(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជួបជាមួយ លោក វុន ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ នាវិមានសន្ដិភាព។

ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វុន ម៉ោងលីន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងចេញពីខេត្ដព្រៃវែង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្អែក ខ្ញុំនឹងជួបរដ្ឋមន្ដ្រីការបរទេសមីយ៉ាន់ម៉ា ក្នុងនាមកម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «បើមិនធ្វើការជាមួយមេដឹកនាំ អ្នកកាន់អំណាចមីយ៉ាន់ម៉ា តើទៅធ្វើជាមួយពីណា ចឹងមិនចាំបាច់អ្នកណា មកតិតៀនកម្ពុជានោះទេ កម្ពុជាចេះធ្វើកិច្ចការខ្លួនឯង»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចនឹងទៅទស្សនកិច្ច នៅទីក្រុងណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបឧត្ដមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគ្នា។ សម្ដេចបន្ដថា «បើមិនឲ្យធ្វើការជាមួយអ្នកកាន់អំណាយ ឲ្យទៅធ្វើការជាមួយអ្នកណា ចង់ផ្ដល់ជំនួយ ឬក៏ចង់ទៅធ្វើកិច្ចរដ្ឋបាល»

គួររំលឹកថា ក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ សម្ដេច បានបង្ហើបឲ្យដឹងថា កម្ពុជាគ្រោងនឹងអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ច ហើយសម្តេចក៏បានត្រៀមខ្លួន ដើម្បីទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍ រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។

អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងស៊ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក៕