(ព្រះវិហារ)៖ រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានរៀបចំធ្វើពិធីសូត្រមន្តក្រុងពាលី តាមបែបប្រពៃណីសាសនា ដើម្បីដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយសាងសង់រួចរាល់ជាស្ថាពរ ក្រោមវត្តមានលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តព្រះវិហារ។

ពិធីក៏មានការចូលរួមពីអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុកជាំក្សាន្តលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា រង្វង់មូលស្រអែម ចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១៩ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លើអង្កត់ផ្ចិតប្រវែង៤០ម៉ែត្រ កំពស់៦,៤ម៉ែត្រ លើផ្ទៃក្រឡា១២៥៦ម៉ែត្រការ៉េ និងមានបរិមាត្រ ប្រវែង១២៥,៦៦ម៉ែត្រ រូបសំណាកដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះ គឺយកតាមលំនាំតាមគោបុរៈទី៥ ប្រាសាទព្រះវិហារ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា រង្វង់មូលស្រអែម ដែលជាសំណង់ដ៏គួរឲ្យស្ញប់ស្ញែងនេះ ផ្តួចផ្តើមកសាងដោយលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោកស្រី, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (អតីតអភិបាលខេត្តព្រះវិហារ), លោក ស្រី ឌឹក មេបញ្ជការកងពលធំអន្តរាគមន៍លេខ៣, លោក គង់ ពុទ្ធិការ, លោក មាស ធីបញ្ញា, និងលោក កែវ ងួន ព្រមទាំងសប្បុរសជាច្រើនរូបទៀត។

បន្ថែមពីនេះទៀតលោក សំ លាងទ្រី បានបញ្ជាក់ថា ការសាងសង់រង្វង់ស្រអែមថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៥០០,០០០,០០០រៀល (ប្រាំរយលានរៀល) ស្មើ១២៥,០០០ដុល្លារ ដែលរាល់ថវិកាបានចំណាយនេះ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិសេសនៅឃុំស្រែម ស្រុកជាំក្សាន្ត ត្រូវចូលរួមថែរក្សាសមិទ្ធិផលថ្មីនេះឲ្យបានល្អ៕