(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានផ្តាំទៅក្រុមប្រឆាំង មិនគួរចំណាយពេលចេះដឹង រឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា សម្បូរអ្នកចេះដឹងគ្រប់គ្រាន់ ក្នុងការធ្វើការងារនយោបាយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ណែនាំឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ផ្តាច់ខ្លួនចេញពីឪពុក។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅអ្នកវិភាគដែលមាននិន្នាការប្រឆាំងនោះ គួរទៅប្រឹងជួយជ្រោមជ្រែងគណបក្សប្រឆាំង ដែលខ្លួនគាំទ្រល្អជាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកវិភាគខ្លះត្រូវវិភាគដោយផ្អែកលើកត្តានយោបាយផង ជាពិសេសគឺកត្តាច្បាប់។ មានអ្នកមកប្រដៅឯងថា ហ៊ុន ម៉ាណែត ត្រូវតែផ្តាច់ខ្លួនពីឪពុក។ អាត្រពែកមួយនេះ អត់រាងចាលតែម្តង។ កុំណា! កុំខ្លាំងជ្រុលហួស! ឪគេកូនគេ បក្សគេ អ្នកឯងកុំលូកលាន់។ ហើយអ្នកឯងទៅជួយបក្សប្រឆាំងទៅ មិនចាំបាច់មករវល់ជាមួយគណបក្សប្រជាជនកម្ពុជាទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងគណបក្សប្រជាជនកម្ពុជា មានអ្នកចេះដឹងជាច្រើន និងគ្រប់គ្រាន់សម្រាប់រៀបចំយុទ្ធសាស្ត្ររបស់គណបក្ស។ សម្តេចតេជោ បន្ថែមថា ដោយសារតែគណបក្សនេះ សម្បូរអ្នកមានចំណេះដឹងបែបនេះ ទើបអាចដឹកនាំប្រទេសរហូតមកដល់សព្វថ្ងៃនេះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះថា «បើគេមិនចេះ គេមិនអាចដឹកនាំប្រទេសទេជិត ៤៣ឆ្នាំនេះទេ»