(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់ សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤។ ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។ សម្តេចក្រុមព្រះ មានព្រះរាជបុត្រា ព្រះរាជបុត្រី ៥ព្រះអង្គរួមមាន៖ អ្នកអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ, អ្នកអង្គម្ចាស់ នរោត្តម សីហឫទ្ធ, អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី, អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងអ្នកអង្គម្ចាស់ នរោត្តម រ៉ាណាវង្ស។

សម្តេចក្រុមព្រះ ទ្រង់បានយាងបំពេញព្រះរាជតួនាទីជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕