(ចិន)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងនៅចំពោះមុខឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ។

ការអះអាងរបស់មិត្តចិន ធ្វើឡើងក្នុងរដ្ឋមន្ត្រីការបរទេសទាំងពីរ បានជួបពិភាក្សាទ្វេភាគី នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះ។

លើសពីនេះប្រមុខការទូតចិន ក៏បានសន្យាសម្របសម្រួល ឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

ភាគីទាំងពីរក៏បានសម្តែងការអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទេ្វភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការអរគុណ ចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត។

លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិនចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែងក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានជាង ៨ ៩៣១លានដុល្លារអាមេរិក កើនឡើង៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១ ២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ដោយឡែកទំហំនៃការនាំចូលពីប្រទេសចិន មកកាន់កម្ពុជាវិញ មានចំនួនប្រហែល ៧ ៧០៩លានដុល្លារអាមេរិក មានកំណើន៣៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែតុលា ឆ្នាំ២០២១ វិនិយោគចិនបានបណ្តាក់ទុននៅកម្ពុជា សរុបជាទឹកប្រាក់ប្រមាណជាង២៧ប៊ីលានដុល្លារអាមេរិក៕