(ភ្នំពេញ)៖ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវស្វែងយល់ឱ្យខ្ពស់ពីបញ្ហាសុខភាពស្បែក កុំជ្រើសតែផលិតធ្វើឲ្យស្បែកសលឿន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែក ឈានទៅដល់គ្រោះថ្នាក់ដល់ជីវិត។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានថ្លែងបន្ដថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងនូវផលប៉ះពាល់ដោយការប្រើប្រាស់ឱសថ ផលិតផល ព្យាបាល និងថែរក្សាស្បែកក្លែងក្លាយ ឬ គ្មានការត្រួតពិនិត្យ និងអនុញ្ញាតពីក្រសួងសុខាភិបាល ជាពិសេសការចែកចាយផលិតផលទាំងនេះតាមរយៈបណ្តាញសង្គម ឬតាម Online ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ឬផលវិបាកធ្ងន់ធ្ងរអាចប៉ះពាល់ ដល់អាយុជីវិតថែមទៀតផង។

លើសពីនោះប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងគ្រោះពីផលវិបាកនៃការផ្តល់សេវា ដូចជាការចាក់ថ្នាំ Botox Fillers និងការវះកាត់កែសម្ផស្ស ពីសំណាក់គ្រូពេទ្យ ឬម្ចាស់ហាងកែសម្ផស្ស ដែលគ្មានការបណ្តុះបណ្តាល និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា «ការប្រើប្រាស់ផលិតផលបកស្បែក ឬឡេលាយឱ្យស្បែកសលឿន គ្មានក្បួនខ្នាតត្រឹមត្រូវ និងទទួលស្គាល់ពីក្រសួងសុខាភិបាល គឺជាគ្រោះថ្នាក់បំផុតដល់សុខភាពស្បែក ដែលធ្វើឱ្យរោល រលាក់ ឡើងក្រហម ជាំ កើតមុន ជ្រីវជ្រួញ និងឡើងសង្វារជាដើម ដែលពេលខ្លះឈានទៅដល់បាត់បង់ជីវិត។ ដូច្នេះហើយមុនប្រើប្រាស់ផលិតផលអ្វីមួយ ត្រូវចេះជ្រើសរើសផលិតផល ឬពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងប្រើផលិតផលតាមគ្នា ពិសេសប្រភេទបកស្បែក និងសលឿន»។

ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦នៃសមាគមគ្រូពេទ្យសើស្បែកកម្ពុជារបស់ខ្លួន តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប ក្រោមប្រធានបទ «ជំងឺសើស្បែកក្នុងដំណាក់កាលកូវីដ១៩» ដែលមានរយៈពេល២ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកបានថ្លែងទៀតថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ដើម្បីជជែកពិភាក្សា និងពង្រឹងនូវសាមគ្គីភាពសមាគម រួមគ្នាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលកន្លងកមកប្រើប្រាស់ផលិតផលឡេលាយ មិនមានបច្ចេកទេស និងរូបមន្ដមិនទទួលស្គាល់ពីក្រសួងសុខាភិបាល។

នៅក្នុងកិច្ចប្រជុំនោះ បានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិចូលរួមធ្វើបទបង្ហាញ ចែករំលែកនូវចំនេះដឹង និងបទពិសោធន៍ថ្មីៗជូនដល់សហភាតរៈ យកទៅប្រើប្រាស់ក្នុងការប្រកបវិជ្ជាជីវៈ និងពង្រឹងការជឿទុកចិត្តពីប្រជាពលរដ្ឋ ដោយគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យជំនាញ។ កិច្ចប្រជុំនេះ បាននាំមកនូវឱកាសជួបជុំសមាជិកសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ពិសេសភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិនអន្តរជាតិ ដែលអញ្ជើញចូលរួមពីប្រទេសផ្សេងៗរួមមាន មកពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក ឡាវ និងវៀតណាម។

ក្នុងកិច្ចប្រជុំនេះ សមាគមក៏បានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្ដិសមាគមគ្រូពេទ្យសើស្បែកកម្ពុជាអាណាត្តិថ្មី សម្រាប់ឆ្នាំ២០២២-២០២៣ ដោយក្នុងនោះសមាជិកសមាគម បានបោះបោះឆ្នោតជ្រើសរើស លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជាប្រធានសមាគមអាណាត្តិទី៥ បន្តទៀត៕