(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ប៊ុន ផាក (Bun Park) ដែលត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យរបស់តុលាការ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ ប៊ុន ផាក នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានតាំងខ្លួនជាមេធាវីដោយខុសច្បាប់ ទាំងខ្លួនមិនមានឈ្មោះក្នុងគណៈមេធាវីនោះឡើយ។

លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ស្គាល់តាមរយៈការបង្ហោះនូវសារទ្រឹះស្ដី ពិសេសក្នុងជំនួញជាដើម។ លោកក៏ជាស្ថានិកគេហទំព័រ We Read ដែលបកប្រែសម្រួលសៀវភៅ ពីភាសាបរទេស មកជាភាសាខ្មែរ និងអានជាសំឡេងផងដែរ។ មួយផ្នែកទៀត លោក ប៊ុន ផាក ត្រូវបានអ្នកលេង Facebook ហៅថា ជាគ្រូជោគជ័យ។

សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវមួយចំនួនរបស់លោក ប៊ុន ផាក ត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដោយសារតែពាក់ព័ន្ធជាមួយនារីម្នាក់ ដែលជាមិត្តស្រីរបស់គេ ហើយបុរសនោះបានចោទប្រកាន់ថា លោក ប៊ុន ផាក ដណ្ដើមនារីនោះមក៕