(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៧៧៧គ្រួសារ ដែលរស់នៅភូមិពៅវើយ និងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងនោះក្រុមការងារធ្វើការចែកចាយចំនួន ២ទីតាំងផ្សេងគ្នា គឺនៅសាលាបឋមសិក្សាពាមបាង ចំនួន១៩០គ្រួសារ និងវត្តពៅវើយ ចំនួន៥៨៧គ្រួសារ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងដោះស្រាយការលំបាកខ្វះខាតផ្នែកជីវភាពរបស់ពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះបំផុត។

លោកស្រីក៏បានពាំនាំនូវសារអំពាវនាវបន្ថែមជូនដល់ប្រជាពលរដ្ឋផងដែរ៖

១៖សូមប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយរក្សាបាននូវអនាម័យជាប្រចាំ ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ

២៖ សម្រាប់ស្ត្រីមានផ្ទៃពោះ និងជិតសម្រាល សូមមេត្តាទៅពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាល និងក្រោយពេលសម្រាលក៏ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីលើកកម្ពស់សុខភាពរបស់ មាតា ទារក ក្នុងការរួមចំណែកកាត់បន្ថយអត្រាស្លាប់មាតា ទារក និងសូមស្វែងរកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពសម្រាលកូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

៣៖ ចូលរួមរក្សាអនាម័យ ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

៤៖ ត្រូវយកចិត្តទុកដាក់គិតគូរអំពីសុវត្ថិភាពចរាចរណ៍ ថ្វីបើនៅទីនេះយើងប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរក៏ដោយ តែពេលបើកបរសូមមេត្តា កុំសេពគ្រឿងស្រវឹង

៥៖ សូមយកចិត្តទុកដាក់មើលថែចាស់ៗ និងកុមារ សូម កុំបណ្តោយឱ្យលេងទឹក ឬនៅម្នាក់ឯង ក្រែងលង់ទឹក
ជាយថាហេតុ។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ធំ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយមិនទុកនរណាម្នាក់ចោល ទោះបីនៅទីណាក៏ដោយ។

ជាមួយគ្នានេះលោកក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋជួយថែរក្សាអនាម័យបរិស្ថាន កុំបោះសំរាម ឬកាកសំណល់រឹងដែលមិនរលាយចូលក្នុងផ្ទៃទឹក ព្រោះកាកសំណល់ទាំងនេះអាចធ្វើផ្ទៃបឹងកាន់តែរាក់, កុំធ្វើការនេសាទដោយខុសច្បាប់ កុំទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស ព្រោះវាធ្វើឱ្យបាត់បង់នូវធនធានជីវៈចម្រុះ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ និងចូលរួមថែរក្សាសមិទ្ធផល ដែលមាននៅទីនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះតំបន់នេះក៏អាចទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ធ្វើឱ្យបងពលរដ្ឋមានចំណូលបន្ថែមក្រៅពីនេសាទផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនពលរដ្ឋ ចំនួន៧៧៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរ៕