(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភជួយសម្រួលជីវភាពដល់សមាគមន៍មនុស្សចាស់ក្រីក្រ ចំនួន៥០នាក់ ដែលមកពីតាមបណ្ដាសង្កាត់ទាំង៥។

សកម្មភាពសមធម៌របស់លោកអភិបាលខណ្ឌព្រែកព្នៅនេះ បានរៀបចំធ្វើឡើង ក្រោមវត្តមានចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះដែរ, លោក សុខ សម្បត្តិ បានជុំរុញបន្ថែមទៀត ដល់សមាគមន៍មនុស្សចាស់ កុំឱ្យធ្វេសប្រហែស ហើយបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីលោកអភិបាលខណ្ឌព្រែកព្នៅរូបនេះ ឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាបំផុត និងប្រកបដោយព្រហ្មវិហារធម៌របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយសម្រួលជីវភាពដល់សមាគមន៍មនុស្សចាស់ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃិត១កញ្ចប់ (ភួយ១ អាវរងា១ ក្រមា១ និងថវិកាចំនួន ៥០.០០០រៀលស្មើៗគ្នា)៕