(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក បេណាឌីកតូ វី យូជូកូ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន តាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមជំរុញ និងពង្រឹងកិច្ចសហការសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងសាធារណរដ្ឋ ហ្វីលីពីន ក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ កសិកម្ម កម្មន្តសាល អាជីវកម្មសិទ្ធិពិសេស ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក ធី អិល ឡកសឺន ជេអ័រ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងភាគីពាក់ព័ន្ធផងដែរ។

សភាពាណិជ្ជកម្មទាំងពីរ នឹងចែករំលែកព័ត៌មានគ្នាទៅវិញទៅមកជាទៀងទាត់ ក៏ដូចជារៀបចំបេសកកម្មធុរកិច្ច និងវិនិយោគ សិក្ខាសាលា សន្និសីទ ការតាំងពិព័រណ៍ និងជំនួបពាណិជ្ជកម្ម។ ស្របគ្នានឹងគោលបំណងខាងលើសភាពាណិជ្ជកម្មទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលមានទីស្នាក់ការ នៅសាធារណរដ្ឋហ្វីលីពីន និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលមានទីស្នាក់ការនៅកម្ពុជា ដើម្បីពិភាក្សា រៀបចំផែនការ និងអនុវត្តកិច្ចការរួមគ្នាផងដែរ៕