(ភ្នំពេញ)៖ ប្រទេសតួកគី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការងារមនុស្សធម៌ ការសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល។

កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) ដឹកនាំដោយលោកស្រី អាយដា អ៊ុនលូ (AYDA UNLU) ឯកអគ្គរដ្ឋទូតប្រទេសតួកគីប្រចាំកម្ពុជា នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការមនុស្សធម៌ ការសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។

គួរជម្រាបថា ទីភ្នាក់ងារ TIKA ត្រូវបានបង្កេីតឡេីងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ៦០ប្រទេស ធ្វេីសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចម្បងលេីកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍស្ថាប័នធនធានមនុស្ស។ ទីភ្នាក់ងារ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និងជួសជុលសាលារៀន មន្ទីរពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ។

សម្រាប់កម្ពុជា តាមរយៈទីភ្នាក់ងារ TIKA សិស្ស-និស្សិតកម្ពុជាទទួលបានអាហារូបករណ៍បន្តការសិក្សានៅតាមសាកលវិទ្យាល័យនៅប្រទេសតួកគី និងជួយការងារមនុស្សធម៌ ដូចជាចែកសាច់គោគួរបាន កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។

នាឱកាសជំនួបនោះ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានទៅកាន់លោកស្រី អាយដា អ៊ុនលូ ដើម្បីរៀបចំឲ្យមានទីស្នាក់ការទីភ្នាក់ងារ TIKA ប្រចាំនៅប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការងារមនុស្សធម៌ សិក្សាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររម្លឹកថា ក្នុងអំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជួបពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការខាងលើនេះ ជាមួយលោក សឺរខាន កាយ៉ាឡារ (Serkan KAYALAR) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) ផងដែរ៕