(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តមបានលើកឡើងថា «ក្នុងនាមរូបខ្ញុំជាទេសរដ្ឋមន្ត្រីមួយរូបនិងជាសមាជិកនៃគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមគាំទ្រនិងដង្ហែតាមមតិដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានប្រកាសនិងបង្ហាញអំពីបេក្ខជនមួយរូបសម្រាប់ឈឈ្មោះបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខគឺឯកឧត្តមហ៊ុនម៉ាណែត។ ខ្ញុំមានការទុកចិត្តទាំងស្រុងចំពោះសមត្ថភាព ជំហរស្នេហាជាតិ ស្នេហាប្រជាជន និងសមត្ថភាពភាពឈ្លាសវៃរបស់ក្មួយហ៊ុនម៉ាណែតតំណាងឱ្យរលកថ្មីនឹងទទួលបានជោគជ័យក្នុងការប្រលងប្រជែងក្នុងការបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្តវេនបន្តស្នាដៃដ៏ធំមហិមាជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន»

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕