(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាកូនច្បងក្នុងបេក្ខភាពជានាយករដ្ឋមន្ដ្រី, លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់សម្ដេច ហើយមានតួនាទីតំណាងរាស្ដ្រដែលនោះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ដោយភ្ជាប់ជាមួយរូបភាពរបស់លោក ហ៊ុន ម៉ាណែត។

តាមរយៈសារនៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ានី បានរំលឹកនូវរឿងរ៉ាវដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមិនចង់ឲ្យកូនធ្វើជានយោបាយនោះទេ ដោយយោងទៅលើភាពលំបាសក ការទទួលខុសត្រូវ និងការលះបង់ដែលពួកគាត់បានឆ្លងកាត់ផ្ទាល់។

លោក ហ៊ុន ម៉ានី បានបន្ដទៀតថា ដោយសារបរិបទសង្គមផ្លាស់ប្ដូរ ដែលនាំឲ្យលោកដើរដល់ចំណុចនេះ។ ចំណុចនេះមានន័យថា លោកបានដើរចូលក្នុងបន្ទាត់ជាអ្នកនយោបាយ ដូចឪពុករបស់លោកដែរ ដោយសារតែលោកមានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្ដិភាព។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «បងធំខ្ញុំ រាងសង្ហាជាងគេ ហើយមានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់។ កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រពេញទំហឹងឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើនបាននាំគ្នាបង្ហោះសារព្រោងព្រាតគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសរបស់សម្ដេចតេជោ៕