(ព្រះវិហារ)៖ ស្ថានីយ៍ជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់ អូរពោធិ៍-ព្រះវិហារ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានបើកដំណើរការសាកល្បង តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២១នេះថា ដោយអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារស្ថានីយ៍ជញ្ជីងអចល័ត អូរពោធិ៍-ព្រះវិហារ បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដល់អ្នកបើកបររថយន្តធុនធ្ងន់ ដើម្បឲ្យបានជ្រាប និងចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាព។

បើតាមលោក សំ លាងទ្រី ក្នុងឱកាសចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលនេះ គឺក្រុមការងារបានធ្វើសកម្មភាពផ្សព្វផ្សាយដល់អ្នកបើកបររថយន្តធុនធ្ងន ចំនួន៣៥គ្រឿង។

ក្នុងនោះក្រុមការងារ បានធ្វើការពន្យល់លម្អិតពីសេចក្តីជូនដំណឹងរបស់ក្រសួង លោកថាពេលដែលពិនិត្យឃើញថា រថយន្តនោះដឹកលើសទម្ងន់ ក៏យើងមិនទាន់ផាកពិន័យភ្លាមៗ ដែរ ព្រោះរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែធ្នូ គឺដំណើរការសាកល្បង ប៉ុន្តែចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១តទៅ នឹងអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទបញ្ញតិច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានអំពាវនាវដល់បណ្តាលក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ដែលមានរថយន្តធុនធ្ងន់ ត្រូវធ្វើការដឹកជញ្ជូនទំនិញស្របតាមទម្ងន់ដែលច្បាប់បានកំណត់ ពោលគឺកុំដឹកលើសទម្ងន់ជាដាច់ខាត ជាពិសេសត្រូវចូលរួមសហការជាមួយមន្ត្រីសមត្ថកិច្ច ដែលបំពេញភារកិច្ចប្រចាំការនៅទីតាំងស្ថានីយ៍ជញ្ជីងអចល័តថ្លឹងរថយន្តដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ខាងលើ និងចូលរួមអនុវត្តបទប្បញ្ញតិច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕