(ភ្នំពេញ)៖ កញ្ញា កឹម សុមាធីតា ដែលជាកូនស្រីពៅរបស់ លោក កឹម សុខា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញមុខបកអាក្រាតលោក សម រង្ស៉ី នៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter)។ កញ្ញាបានលើកឡើងថា ចាប់តាំងពីឪពុករបស់នាងត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ លោក សម រង្ស៉ី និងបក្ខពួកបានលាបពណ៌ឪពុកនាង និងគ្រួសារមិនឈប់ឈរ។

តាមរយៈសារនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) កញ្ញា កឹម សុមាធីតា បានរៀបរាប់៤ចំណុចដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

១/៤៖ ចាប់តាំងពីការចាប់ខ្លួនឪពុកខ្ញុំមក សម្ពន្ធមិត្តជិតដិតបំផុតរបស់លោក សម រង្ស៊ី បានចាប់ផ្តើមបើកយុទ្ធនាការលាបពណ៌ដោយមិនឈប់ឈរប្រឆាំងនឹងគាត់ (ឪពុកខ្ញុំ) និងក្រុមគ្រួសាររបស់យើង នៅលើបណ្តាញសង្គមខ្មែរ។ យើងមិន ដែលត្រូវបានអនុញ្ញាតឱ្យការពារខ្លួន សម្រាប់អ្វីដែលហៅថា « ឯកភាព» នោះទេ។

២/៤៖ ប្រសិនជាបុព្វហេតុរបស់អ្នកជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដៃគូរបស់អ្នក និងបំបិទមាត់អ្នកទាំងឡាយដែលការពារខ្លួន នោះអ្នកមិនតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យទេ។ អ្នកកំពុងប្រយុទ្ធសម្រាប់ការផ្តាច់ការដែលអ្នកពេញចិត្តប៉ុណ្ណោះ។ ខ្ញុំនឹងឈប់ទទួលយកព័ត៌មានមិនពិតណាមួយដែលត្រូវបានផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសម្លេង និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងលម្អៀងទៀតហើយ។

៣/៤៖ គ្រួសាររបស់ខ្ញុំត្រូវបានចងភ្ជាប់ជាមួយនឹងការលាបពណ៌របស់ សម រង្ស៊ី អស់ជាច្រើនទសវត្សមកហើយ ដោយចាប់ផ្តើមពីការអះអាងប្រកាន់ពូជសាសន៍ក្លែងក្លាយ ដែលចោទថាយើងជាជនជាតិវៀតណាម រហូតដល់ការវាយប្រហារអាសអាភាសភេទមកលើបងស្រីរបស់ខ្ញុំ បន្ទាប់ពីការចាប់ខ្លួននៃលោកឪពុកខ្ញុំ។ ជនណាប្រកាសតាំងខ្លួនឯងជាអ្នកប្រឆាំងការប្រកាន់ជាតិសាសន៍ និងអ្នកលើកតម្កើងស្ត្រីភេទដែលការពារ សម រង្ស៊ី គួរត្រូវបានគេស្គាល់ថាជាមនុស្សល្ងង់លាក់ពុត។

៤/៤៖ ចំពោះអ្នកកាសែតដែលគ្មានក្រមសីលធម៌ដែលបានសរសេរថា ឪពុកខ្ញុំបានប្រាប់គណបក្សគាត់កុំប្រើឈ្មោះគាត់ គឺមិនពិត ព្រោះគណបក្សភ្លើងទៀន មិនមែនជាបក្សរបស់គាត់ទេ។ ផ្ទុយទៅវិញគណបក្សភ្លើងទៀននេះ គឺជារបស់ សម រង្ស៉ី។ សម រង្ស៊ី គឺជាមនុស្សម្នាក់នោះ។

ការចេញមុខវាយបកទៅកាន់លោក សម រង្ស៉ី និងបក្ខពួក បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសចំៗជាលើកដំបូងថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា នៅថ្ងៃនេះក៏បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះលោក សម រង្ស៉ី ថា៖ «ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»៕