(ភ្នំពេញ)៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្ការយៈពេល២ថ្ងៃ។

លោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ តាមទំនៀមទម្លាប់ទស្សនកិច្ចផ្លូវការ។ លោកបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីទាំងពីរនេះ កម្ពុជាបានផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនោះចំណោមជំនួយថវិកាទាំង១៣លានដុល្លារនោះ មានថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

បន្ថែមពីនេះ កម្ពុជា-ឡាវក៏មានជំនួបទ្វេភាគថ្នាក់រដ្ឋមន្រ្តីមួយចំនួនទៀតដូចជាជំនួបរដ្ឋមន្រ្តីការពារជាតិកម្ពុជា-ឡាវ, ជំនួបរដ្ឋមន្រ្តីសុខាភិបាលកម្ពុជា-ឡាវ និងជំនួបរដ្ឋមន្រ្តីរ៉ែ និងថាមពលកម្ពុជា-ឡាវ ដែលរដ្ឋមន្រ្តីឡាវទាំងនោះ បានអមដំណើរលោកនាយករដ្ឋមន្រ្តីឡាវ មកបំពេញទស្សកិច្ចនៅកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ ជាការរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕