(ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការរៀបការបោះឆ្នោត នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកព្រះមរណទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានក្តីក្តុកក្តួលរំជួលចិត្តជាអនេកប្បការដោយបានទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ»

ឯកឧត្តម ចាត់ទុកថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជា ការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រមទាំងព្រះរាជបុត្រាបុត្រី និងសូមឧទ្ទិសបួងសួងនូវព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ទីឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖៤០ព្រឹក ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងវេលា៣៖៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៉ិនប៉ិចបានអះអាងថា ព្រះសពសម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕