(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋសហគមន៍នៅស្រុកឱរ៉ាល់ជិត៦០០នាក់ នាំគ្នាជិះរថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោយនគរបាលបានកោះតំណាងសហគមន៍ មកធ្វើការ សាកសួរនាំបំភ្លឺ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងជេរប្រមាថជាសាធារណៈរឿងដីសហគមន៍នៅស្រុកឱរ៉ាល់។

ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលលើកគ្នាមកធ្វើការតវ៉ានេះ ដើម្បីទាមទាររកយុត្តិធម៌ និងការពារដីព្រៃសហគមន៍ឧត្តមស្រែពស់រាប់រយហិតា ដែលគេដឹងថា មានគេឈូសឆាយចង់បានយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហើយករណីបានកើតជាយូរមកហើយរហូតមកទល់ពេលនេះ ។

ជុំវិញបញ្ហានេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះមានមេធាវីតំណាងបានដាក់បណ្ដឹង ក្រោយពីគេប្ដឹងទាមទារ ជំនាញបានកោះអញ្ជើញគាត់តែចំនួន៤-៥នាក់ ឲ្យមកធ្វើការបំភ្លឺ តែដល់ពួកគាត់ឡើងមកគ្នាច្រើនដែលមិនអាចដោះស្រាយគ្នាកើត។

លោកស្នងការបានបន្ត ពេលជំនាញបានឲ្យគាត់ត្រឡប់ទៅវិញ ហើយរើសពេលវេលាបន្តដើម្បីដោះស្រាយគ្ន មានន័យថា ថ្ងៃនេះយើងអត់បានធ្វើការដោះស្រាយកើតទេ ដោយសារតែគាត់លើកគ្នាមកច្រើនពេក។ ជាពិសេសអ្នកកាន់សំណុំរឿងគាត់អត់នៅ ដាក់ពាក្យសុំច្បាប់ យើងឲ្យគាត់ត្រឡប់ទៅវិញសិនរង់ចាំ កោះពួកគាត់ក៏លើកក្រោយបន្តទៀត៕