(ភ្នំពេញ)៖ មនុស្សជំនិតរបស់ លោក កឹម សុខា គឺលោក មុត ចន្ថា បានចេញមុខរិះគន់ លោក សម រង្ស៉ី ថាជា«មនុស្សមិនចេះអៀនខ្មាស់ និងឡប់គ្រឿង»។

ការរិះគន់នេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បន្តបំភ្លៃអំពីការលើកឡើងរបស់ លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលហាមលោក និងបក្ខពួក កុំឱ្យយករូប និងឈ្មោះលោកកឹម សុខា ទៅប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ ហើយលោក កឹម សុខា ក៏បានប្រកាសថា លោក និង លោក សម រង្ស៉ី មិនមែនជាមនុស្សតែមួយ ឬពាក់ព័ន្ធគ្នាទៀតឡើយ។ លោកសម រង្ស៉ី បានបំភ្លៃថា អ្វីដែល លោក កឹម សុខាលើកឡើងនេះជាការគំរាមរបស់គណបក្សកាន់អំណាច។

លោក មុត ចន្ថា បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៉ី ដែលធ្វើមិនយល់អំពីការប្រកាសរបស់ លោក កឹម សុខានោះ គឺជារឿងគួរឱ្យអស់សំណើចបំផុត។ លោកលើកឡើងថា៖ «ប្រហែលជាគាត់ (សម រង្ស៉ី) បាត់ការចងចាំ ឬអង្គចងចាំគាត់ធ្លាក់ខ្សោយ ព្រោះកន្លងមកក្រុមមេធាវីរបស់ លោក កឹម សុខា ធ្លាប់ស្នើជាច្រើនលើកឱ្យលោក សម រង្ស៉ី បញ្ឈប់យកឈ្មោះ និងរូបថតរបស់លោក កឹម សុខា ទៅប្រើប្រាស បែរជាគាត់ប្រកែកញ៉ាញថាមិនមែនជាសម្ដីរបស់លោក កឹម សុខា នោះទេ ហើយថែមទាំងទាមទារឱ្យលោក កឹម សុខា ចេញមកនិយាយផ្ទាល់ទើបជឿ។ឥឡូវដល់ពេលលោក កឹម សុខា បានថ្លែងសារដោយផ្ទាល់ បែរជាគាត់យកលេសថាដោយសារសម្ពាធ គំរាមកំហែង ចំណាប់ខ្មាំង។ អស្ចារ្យមែន នេះបានជាមហាក្រឡិចក្រឡុច»

លោកបានបន្តថា «ស្របពេលជាមួយគ្នា លោក សម រង្ស៉ី បង្ហាញពីការភ័យខ្លាចខ្លាំង បន្ទាប់ពីលោក កឹម សុខា បានប្រកាសឱ្យឈប់យកឈ្មោះនិងរូបថតគាត់ទៅប្រើប្រាស់ ដើម្បីមហិច្ឆតានយោបាយរបស់គាត់ និងក្រុមគាត់ ព្រោះអស់មានអ្វីត្រូវយកទៅកុហក់អ្នកគាំទ្រទៀត។ ភ័យរហូតដោះលែងឲ្យឆ្កែកាច រួមទាំងអតីតតំណាងរាស្រ្តម្នាក់ដែលធ្លាប់លួចឆី និងយកប្រពន្ធមិត្តភក្តិ បកខាំលោក កឹម សុខា វិញ»

លោកបានបញ្ជាក់បន្ថែមថា៖ «បើកភ្នែកឱ្យធំ សម្លឹងឱ្យឆ្ងាយឱ្យបានច្បាស់ គឺលោក កឹម សុខា មិនមែនជាអ្នកបំបែកនោះទេ ផ្ទុយទៅវិញលោក សម រង្សី និងគូកនរបស់គាត់ទៅវិញទេ ដែលបានបង្កើតចលនាខុសច្បប់ និងវិលទៅបក្សភ្លើងទៀនវិញ។ អ្នកបំបែកក៏លោក សម រង្ស៉ី ហើយអ្នករត់ចោលអ្នកគាំទ្រក៏ជាលោក សម រង្ស៉ី បែរជាមកព្រួសឈាមដាក់លោក កឹម សុខា វិញ។ មិនចេះខ្មាស់គេទេអី»

លោក មុត ចន្ថា បានលើកឡើងថា លោក សម រង្ស៉ី ខ្លួនឯងជាអ្នកដែលបានរុះរើផ្ទះសង់រួមគ្នា និងវេចបង្វេចចុះចេញពីផ្ទះដោយបើកចំហរ។ មូលហេតុ ៖

ទី១៖ ការចុះសំបុត្រអាពាហ៍ពិពាហ៍ ឬ អេតាស៉ីវិលៈ ភាគីណាមួយ ប្តី ឬប្រពន្ធចុះចេញពីផ្ទះរួមរស់ជាមួយគ្នាទៅបង្កើតគ្រួសារថ្មី ឬអតីតគ្រួសារឡើងវិញ គឺភាគីនោះបានប្រកាសផ្តាច់សង្វាសក្នុងនាមជាគ្រួសារតែមួយទៀតហើយ។ ក្នុងករណីនេះ លោក សម រង្ស៉ី បានចុះចេញពីផ្ទះ រួចទៅកសាងផ្ទះថ្មីជាមួយអតីតគ្រួសារវិញគឺ «គណបក្សភ្លើងទៀន»

ទី២៖ ការចុះកិច្ចសន្យាពាណិជ្ជកម្មៈ កាលណាភាគីណាមួយដកខ្លួនជាឯកតោភាគីទៅចុះកិច្ចសន្យាជាមួយដៃគូពាណិជ្ជកម្មថ្មី សម្រាប់សកម្មភាពពាណិជ្ជកម្មដូចគ្នា មានន័យថា ភាគីនោះបានប្រកាសលុបចោលកិច្ចសន្យា ព្រោះក្នុងបញ្ញត្តិកិច្ចសន្យាចាស់ហាមដាច់ខាតមិនឱ្យភាគីណាមួយលួច ទៅបង្កើតសកម្មភាពពាណិជ្ជកម្មដូចគ្នាជាមួយអ្នកផ្សេងឡើយ។ ការលួចទៅបង្កើតសកម្មភាពពាណិជ្ជកម្មថ្មីនេះ គឺជាការរំលោភលើកិច្ចសន្យាដែលភាគីម្ខាងទៀតមានសិទ្ធិប្តឹងទាមទារសំណងខូចខាតបាន។ កិច្ចព្រមព្រៀង ស្តីពីការរួបរួមរវាងគណបក្សសមរង្ស៉ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) និងគណបក្សសិទ្ធិមនុស្ស គឺបានចែងកំណត់យ៉ាងច្បាស់ថា គណបក្សទាំងពីរត្រូវធ្វើសកម្មភាពរួមគ្នាតែមួយ ដើម្បីគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងមិនត្រូវចូលរួមការបោះឆ្នោតឡើយ។ ដូច្នេះនៅពេលដែលលោក សម រង្ស៉ី បានអនុញ្ញាត ឬបើកដៃឱ្យគណបក្សភ្លើងទៀនដំណើរការឡើងវិញ ធ្វើសកម្មភាពនយោបាយជាថ្មី និងត្រៀមចូលរួមបោះឆ្នោត គឺគាត់បានរំលោភលើកិច្ចព្រមព្រៀងនេះ ហើយគាត់ជាអ្នកចុះចោលផ្ទះ ឬក្បត់លោក កឹម សុខា និងក្បត់អ្នកគាំទ្រ ។

ទី៣៖ ការប្តឹងទាមទារសំណងចំពោះការរំលោភកិច្ចសន្យាៈ លោក កឹម សុខា បានស្នើឱ្យលោក សម រង្ស៉ី និងក្រុមរបស់គាត់បញ្ឈប់យក «ឈ្មោះ និងរូបថតរបស់គាត់» ទៅប្រើប្រាស់តទៅត់ទៀត ដើម្បីមហិច្ឆតានយោបាយរបស់ពួកគេ។ នេះជាការទាមទារយ៉ាងត្រឹមត្រូវបំផុតពីសំណាក់ជនរងគ្រោះ គឺលោក កឹម សុខា ដែលមិនអនុញ្ញាតឱ្យភាគីល្មើសបន្តកេងចំណេញ ឬកេងប្រវ័ញ្ចផលប្រយោជន៍របស់គាត់ តទៅទៀត ។ ខ្លួនឯងក្បត់ ខំរកលេសបង្វែរការពិត!

ទី៤៖ ការចងសម្ព័ន្ធភាពនយោបាយៈ កិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពក៏នឹងត្រូវបញ្ចប់ទៅវិញ នៅពេលណាភាគីណាមួយងាកចេញទៅចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយផ្សេងទៀត ឬធ្វើសកម្មភាពនយោបាយផ្ទុយពីស្មារតីដើម។ លោក សម រង្ស៉ី បានបើកដៃ និងគាំទ្រឱ្យគណបក្សភ្លើងទៀន ដែលជាគណបក្សរបស់គាត់នៅក្នុងសម្ព័ន្ធភាពនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ឱ្យដំណើរការឡើងវិញ ធ្វើសកម្មភាពនយោបាយជាថ្មី និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោត ដូច្នេះលោក សម រង្ស៉ី បានបែកចេញជាមុនរួចហើយ។ គណបក្សភ្លើងទៀនដំណើរការឡើងវិញ ស្មើនឹងលោក សម រង្ស៉ី ដកខ្លួនចេញពីអតីតគណបក្សសង្រ្គោះជាតិ ព្រោះបើសិនគ្មានគណបក្សភ្លើងទៀនស្ថិតក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៉ី គ្មានគណបក្សតំណាងទៀតទេ ផ្ទុយទៅវិញមានតែគណបក្សសិទ្ធិមនុស្សតែមួយគត់ស្ថិតក្នុងអតីតគណបក្សសង្រ្គោះជាតិ ។

ទី៥៖ ការច្របាច់ចូលគ្នាៈ ទាំងគណបក្សសមរង្ស៉ី (បក្សភ្លើងទៀន) និងគណបក្សសិទ្ធិមនុស្ស ត្រូវបានច្របាច់បញ្ចូលគ្នាបង្កើតបានជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២ រួចហើយ។ ជាក់ស្តែងគណបក្សទាំងពីរ គឺគ្រាន់តែជាគណបក្សចាំផ្ទះ ដើម្បីថែរក្សាមុខតំណែងមន្រ្តីជាប់ឆ្នោតមូលដ្ឋាន គឺមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កុំឱ្យបាត់បង់ប៉ុណ្ណោះ ដោយសារច្បាប់បោះឆ្នោតចែងបញ្ញត្តិថាមន្រ្តីជាប់ឆ្នោតនឹងត្រូវបាត់បង់តំណែង ក្នុងករណីបាត់បង់សមាជិកភាពក្នុងគណបក្សនយោបាយសាមី ឬគណបក្សសាមីត្រូវបានរំលាយ។ ដូច្នេះ នៅពេលលោក សម រង្ស៉ី បើកដៃ និងគាំទ្រឱ្យគណបក្សភ្លើងទៀន ដែលគ្រាន់តែជាគណបក្សចាំផ្ទះ ឱ្យដំណើរការឡើងវិញ ធ្វើសកម្មនយោបាយជាថ្មី និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោត គឺគាត់បានរំលោភបំពានលើស្មារតីនៃកិច្ចព្រមព្រៀង ស្តីពីការបង្កើតអតីតគណបក្សសង្រ្គោះជាតិរួចហើយ។ លោក សម រង្ស៉ី បានរត់ចោលផ្ទះ៕