(បាត់ដំបង)៖ ក្រោយបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដើម្បីយកមកធ្វើការសួរនាំ ពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានដី ព្រៃលិចទឹក នៅខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

ដោយឡែកនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារចម្រុះ ទទួលបន្ទុកខេត្តបាត់ដំបង បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារ ត្រួតពិនិត្យ និងស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹកនៅតំបន់ខេត្តទាំង៦ ជាប់បឹងទន្លេសាប ពិសេសខេត្តបាត់ដំបង ជាមួយរដ្ឋបាលខេត្ត ដឹកនាំដោយលោក សុខ លូ នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រតិភូក្រុមការងារ ពីក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មន្រ្តីមន្ទីរជំនាញពាក់ព័ន្ធនានាក្នុងខេត្ត។

លោក សុខ លូ មានមតិស្វាគមន៍ប្រតិភូ និងរាយការណ៍ពីស្ថានភាពដីធ្លី ដែលមានផលប៉ះពាល់ នៃការរំលោភលើដីព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលត្រូវក្រុមការងារចម្រុះចុះត្រួតពិនិត្យជាក់ស្តែង ក្នុងបេសសកម្មនេះ។

លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្តទទួលបន្ទុកកិច្ចការនេះ បានឡើងធ្វើបទបង្ហាញពីកិច្ចការសំខាន់ៗ ក្នុងភូមិសាស្រ្តនៅតាមបណ្តាស្រុកនានាក្នុងខេត្ត អង្គភាពជំនាញបានធ្វើកិច្ចការនេះ និងចាត់ការតាមនីតិវិធីជាបន្តបន្ទាប់ ជូនអង្គប្រជុំផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានអនុញ្ញាតិឲ្យលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្ត ឡើងរាយការណ៍សង្ខេប ដែលបទល្មើសទន្ទ្រានដីព្រៃលិចទឹកហាម
ឃាត់បានកើតមានឡើងកន្លងមក នៅតាមបណ្តាស្រុកមួយចំនួន ពិសេសមាននៅភូមិសាស្រ្តស្រុកឯកភ្នំដែលជាស្រុកនៅជាប់ដីលិចទឹក ជូនកិច្ចប្រជុំ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារចម្រុះទទួលបន្ទុកខេត្តបាត់ដំបង បានបញ្ជាក់ថា យោងតាមអនុសាស្រ្ត
របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុវត្តតាមសេចក្តីសម្រេចរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការបែងចែកក្រុមការងារចំនួន៦ក្រុម ចុះត្រួតពិនិត្យការងារនៅលើដីព្រៃលិចទឹកហាមឃាត់ខេត្តជុំវិញបឹងទន្លេសាប ពិសេសខេត្តបាត់ដំបង។

លោក ប៉ែន សុផល បានរំលឹកផងដែរ អំពីការបោះបង្គោលនៅតាមបន្ទាត់គោលដៅកន្លងមក ខាងជលផលបានសំណើរសុំបោះបង្គោលកម្ពស់៨ម៉ែត្រ ចៀសវាងច្រឡំថា ជាបង្គោលប្រជាពលរដ្ខបានបោះ។ លោកបានបន្តថា យោងតាមអនុសាសន៍ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានណែនាំធ្វើឲ្យបានច្បាស់គឺ៖

*ទី១៖ ក្រុមការងារចម្រុះត្រូវកំណត់យាមការឲ្យបានច្បាស់លាស់
*ទី២៖ រកឲ្យឃើញថា ដីទន្ទ្រានទាំងនេះជារបស់អ្នកណា ឬអ្នកនៅពីក្រោយស្គាល់ឲ្យបានច្បាស់លាស់
*ទី៣៖ ក្រសួង មន្ទីរពាក់ព័ន្ឋ សូមធ្វើទិន្ន័យឲ្យមានការឯកភាពគ្នាតែមួយ
*ទី៤៖ ត្រូវដាំដើមឈើឡើងវិញតាមចំណុចគោលដៅ ឬព្រំប្រទល់ដីលិចទឹកជាដើម។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់មក ក្រុមការងារចម្រុះ បានបន្តចុះទៅពិនិត្យកន្លែងគោលដៅជាក់ស្តែង ដើម្បីសិក្សាវាយតម្លៃនិងរាយការណ៍ជូនថ្នាក់លើ សម្រាប់មានវិធានការចាត់ការតាមនីតិវិធីបន្តទៀត៕