(ពោធិ៍សាត់)៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ដឹងនាល្ងាចនេះថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញខេត្ត បានចុះធ្វើការស្រាវជ្រាវ នឹងកំណត់មុខសញ្ញាជនសង្ស័យ លុះដល់វេលាម៉ោង ០៨និង០៤នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ រួមទាំងម៉ូតូចំនួន០១គ្រឿង ដែលជិះធ្វើសកម្មភាព នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា ក្រោយមក នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានបន្តចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះចំនួន០១នាក់ ដកហូតបានម៉ូតូ ចំនួន០៤គ្រឿង នឹងវត្ថុតាងមួយចំនួនទៀត។

លោកអធិការ បានបន្ថែមថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះ

ទី១- រិទ្ធ ដែន ភេទប្រុស អាយុ៣៧ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកម៉ូតូ
ទី២- ឆម ពយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកលួចម៉ូតូ
ទី៣- យឿន ចាន់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកទទួលទិញ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕