(ពោធិ៍សាត់)៖ កម្មករ-កម្មការនីរោងចក្រកាត់តៃអ៉ីហ្ស៊ីដែលរស់នៅក្នុងស្រុកកណ្តៀង និងស្រុកក្រគរទាំងមុននិងក្រោយចំនួន៦,៧៧៦នាក់ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

ការចែកអំណោយនេះធ្វើឡើងនៅបរិវេណអនុវិទ្យាល័យថ្គោលអណ្តែត ស្ថិតក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលផ្ដល់ជូនកម្មករ-កម្មការនីនោះ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៦ដប ម៉ាស់១ដុំ សាប៊ូ២ដុំ និងថ្នាំសង្កូវមួយចំនួន។

លោក ជាវ តាយ និងលោក កែវ រតនៈ បានថ្លែងថា នេះក៏ជាពេលវេលាមួយដ៏មានសារៈសំខាន់ និងជាឱកាសបានចុះមកសួរសុខទុក្ខសំណេះសំណាល និងបង្ហាញមុខដល់ប្រជាពលរដ្ឋ ដែលរូបលោក ជាវ តាយ ទើបបានចូលកាន់មុខតំណែងថ្មីជាអភិបាលខេត្តពោធិ៍សាត់បាន៤៨ថ្ងៃ។

នៅខេត្តពោធិ៍សាត់ ពិសេសនៅក្នុងស្រុកក្រគរ គិតមកដល់ពេលនេះ ឃើញថាមានរោងចក្រសំខាន់ៗជាច្រើនដែលបាននិងកំពុងដំណើរការយ៉ាងរលូន នេះមិនទាន់និយាយពីការបង្កើតឱ្យមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតនៅឡើយ។ ដូច្នេះហើយបានជាការដាក់ចេញនូវយុទ្ធសាស្រ្ត ដោយយកស្រុកក្រគរធ្វើជាក្បាលរទេះភ្លើងក្នុងការអភិវឌ្ឍ ក៏មិនទាន់ស្កប់ស្កល់នឹងបន្តកៀរគរអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើនរោងចក្រ និងស្រូបយកកម្មករទៅធ្វើការងារនៅទីនោះបានកាន់តែច្រើន និងទទួលបានប្រាក់ឈ្នួលទៅតាមជំនាញ និងកម្លាំងពលកម្ម។

ត្រង់ចំណុចនេះ លោក ជាវ តាយ និងលោក កែវ រតនៈ បានឱ្យកម្មករទាំងអស់ត្រូវរួមគ្នាជួយថែរក្សាការពារ ព្រោះថារោងចក្រនេះហើយ គឺជាឆ្នាំងបាយជាជង្រក់មិនចេះរីងស្ងួត ដោយមិនធ្វើចំណាកស្រុក និងមិនឃ្លាតឆ្ងាយពីក្រុមគ្រួសារ៕