(ស្វាយរៀង)៖ ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការជាមន្ត្រីរាជការនៅខេត្តស្វាយរៀងប្រចាំឆ្នាំ២០២១ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន២៦០នាក់ ក្នុងនោះមានទាំងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ។

ការប្រឡងនេះធ្វើឡើងនៅវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសកាត់បើកកញ្ចប់វិញ្ញាសាជូនបេក្ខជនខាងលើលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង។

លោកបានបន្តណែនាំឱ្យបេក្ខជនគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ៕