(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់បើកកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ នៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់សាលាខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ដែលមានបេក្ខជនមកប្រឡងចំនួន៦២នាក់ ។

លោក វ៉ី សំណាង បានលើកឡើងថា គោលដៅប្រឡងលើកនេះ ការធ្វើយ៉ាងណាឲ្យកូនទាំងអស់គាត់ខិតខំប្រឹងឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រឡងដោយចៀសឲ្យផុតពីការលួចចម្លង។

លោកអភិបាលបានបន្តថា កាលណាប្រឡងប្រកបសមត្ថភាព គឺទៅធ្វើជាមន្ត្រីពួកគេមានអនាគតល្អ បានន័យថា យកបាននូវធនធានមនុស្សពិតប្រាកដហើយចៀសផុតពីអំពើពុករលួយ ដែលខ្សែបក្ខពួកក៏ជាប់គ្នាឯង វាមិនជារឿងល្អដែរព្រោះបានមកសុទ្ធតែជាមន្ត្រីដែលមិនមានសមត្ថភាព។

លោកអភិបាលបានស្នើសុំ ក៏ដូចជាការអំពាវនាវឲ្យបេក្ខជនទាំងអស់ក៏ដូចជាគណៈកម្មការខិតខំធ្វើយ៉ាងណា យើងជ្រើសរើសយកមន្ត្រីដែលល្អឲ្យបាន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តការងារ ដើម្បីបំពេញនូវសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយឆន្ទៈពិតប្រាកដ៕