(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «តែងតាំង និងផ្តល់ឋានៈឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន»

ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយមោទនភាពធំធេងដែល ឯកឧត្ដមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទទួលបានព្រះរាជក្រឹត្យប្រោសព្រះរាជទាន មុខងារតាមសំណើសម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន ក្នុងនាមឯកឧត្តមសាកលវិទ្យាធិការរង នាយក-នាយករង មហាវិទ្យាល័យទាំង៥មជ្ឈមណ្ឌលទាំង៣ សេនាធិការហ្វឹកហ្វឺន យោធាចារ្យ ការិយាល័យចំណុះ និស្សិត និងសិក្ខាកាម ចំណុះសាកលវិទ្យាល័យការពារជាតិ មានបិតិសោមនស្សរីករាយរំភើបឥតឧបមា និងសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងក្លៀវក្លា ជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ដែលទទួលមុខតំណែង សក្តិសមទៅនឹងសកម្មភាពយ៉ាងច្រើនឥតគណនា វិរៈភាព និងពលីកម្មយ៉ាងធំធេងរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថភាព និងបទពិសោធន៍ការងារជាង៤០ឆ្នាំរបស់នាយឧត្តមសេនីយ៍ លើការងារប្រយុទ្ធក្នុងសង្គ្រាមទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ចាប់ពីឆ្នាំ១៩៧៨ ការចូលរួមអនុវត្តនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា ជាពិសេសសង្គ្រាមការពារជាតិ ដែលយើងខ្ញុំទាំងអស់គ្នាសូមចងចាំក្នុងក្រអៅបេះដូងជារៀងរហូតថា នាយឧត្តមសេនីយ៍ ជាមេបញ្ជាការដ៏ឆ្នើមដែលបានដឹកនាំកងទ័ពតាមបន្ទាត់ព្រំដែន អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំបញ្ជាប្រយុទ្ធការពារទឹកដីនៃមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់-តាក្របី ចាប់តាំងពីព្រឹត្តការណ៍ឆ្នាំ២០០៨ មកដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិនិងប្រជាជន។

៣ឆ្នាំ ក្នុងតួនាទីនាយឧត្តមសេនីយ៍ជាសាកលវិទ្យាធិការ បទពិសោធន៍ប្រយុទ្ធជាប្រវត្តិសាស្ត្រនេះ ជាចំណុចពិសេសបំផុត ជាពុទ្ធិដ៏មានសារៈសំខាន់ដែលនាយឧត្តមសេនីយ៍ បានផ្តល់ដល់យោធាចារ្យព្រមទាំងនិស្សិតនិងសិក្ខាកាម តាមរយៈបាឋកថា និងតាមគោលការណ៍សំខាន់២ដែលឯកឧត្តមបានដាក់ចេញគឺ៖

ទី១៖ ប្រែក្លាយសាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីទស្សនៈនយោបាយចំទិស ដល់និស្សិត និងសិក្ខាកាមក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាតជាមួយជាតិ និងប្រជាជនប្រឆាំងដាច់ខាតរាល់ចលនាផ្តួលរំលំរដ្ឋាភិបាល។ កត្តានេះហើយ រួមនឹងសិល្បៈ នៃការដឹកនាំដ៏មានបទពិសោធន៍របស់នាយឧត្តមសេនីយ៍ បានពូនផ្តុំនូវស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដឹកនាំធ្វើការងារកែទម្រង់លើគ្រប់វិស័យនៅសាកលវិទ្យាល័យការពារជាតិ៕

ជាទីបញ្ចប់ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងបុត្រទាំងទ្វេ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕