(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេលពីរថ្ងៃ បានសម្រេចអនុម័តលើកសារសំខាន់ៗចំនួន៣រួមមាន៖ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី១៣, សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។

ថ្លែងបិទកិច្ចប្រជុំដ៏មានសារៈសំខាន់នៅព្រលប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអនុម័តលើឯកសារទាំង៣នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់តែប្រសើរឡើង កាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមានភាពធន់។

ក្នុងសុន្ទរកថាបិទនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានឱ្យដឹងផងដែរថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM បន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឆ្ពោះទៅការកសាងសហគមន៍ ASEM មួយ ដែលមានភាពសុខដុម ភាពប្រកួតប្រជែង ភាពធន់ និងចីរភាពសម្រាប់ប្រជាជនអាស៊ី និងអឺរ៉ុប ក៏ដូចជាសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ពោរពេញដោយថាមវន្តែ ដោយផ្អែកលើគោលការណ៍ស្នូលរបស់ ASEM គឺ: ភាពមិនផ្លូវការ ភាពបត់បែនបាននិង ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីនៃកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ ហើបានបិទបញ្ចប់នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប រយៈពេលពីរថ្ងៃដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឹរ៉ុប ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១រូប និងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន បានជជែកនិងផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នាយ៉ាងផុលផុស។

កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានសំខាន់ៗចំនួនដូចជា៖ កិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម, បញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបញ្ហាតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ និងការកសាងអនាគតប្រកបដោយភាពធន់។

ក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជាពិតជាមានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ក្នុងតំបន់ និងសកល ជាច្រើនផ្សេងទៀត។

សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ បានផ្តល់ឱកាសដ៏ពិសេស និងទាន់ពេលសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងផ្តល់នូវដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាប្រឈមតំបន់ និងសកល នាបច្ចុប្បន្ន ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញសុវត្ថិភាព និងសុខភាពសាធារណៈ ភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម និងបញ្ហាសន្តិសុខតំបន់ និងសកល ក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ បានផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់ដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៤ ប្រកបដោយសុទិដ្ឋិនិយម និងទំនុកចិត្តខ្ពស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំនឿយ៉ាងមុតមាំដែរថា ឯកសារលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំ នឹងរួមចំណែកយ៉ាងធំធេងក្នុងការប្រែក្លាយពិភពលោក ឱ្យកាន់តែមានសុវត្ថិភាព និងវិបុលភាព។ សម្តេចតេជោ ក៏បានបង្ហាញការជឿជាក់ទៀតថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាចីរភាព និងការលើកកម្ពស់ពហុភាគីនិយម ដែលជាកម្លាំងចលករក្នុងការនាំមកនូវសន្តិភាព និងវិបុលភាព សម្រាប់ប្រជាជននៅអាស៊ី និង អឺរ៉ុប និងនៅលើសកលលោកនាទសវត្សរ៍ខាងមុខ។

ក្នុងពិធីបិទកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប, នាយករដ្ឋមន្ត្រីស្លូវេនី ប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប និងនាយករដ្ឋមន្ត្រីថៃ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានក្នុងកិច្ចប្រជុំនេះ។ ពួកគេសុទ្ធតែបានមើលឃើញនូវសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ជាពិសេសប្រព័ន្ធនយោបាយពហុភាគីនិយម ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចពីវិបត្តិជំងឹកូវីដ១៩ ក៏ដូចជាវិបត្តិដទៃទៀត។

តំណាងខាងលើនេះ ក៏សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេចបានដ៏ល្អចំពោះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះផងដែរ៕