(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវបានចេញសេចក្ដីបំភ្លឺជុំវិញការចោទថា គ្រូពេទ្យក្នុងមន្ទីរពេទ្យនេះវះកាត់ធ្វេសប្រហែស និងខុសបច្ចេកទេសលើកុមារីម្នាក់ដែលមានអាការឈឺចាប់នៅត្រង់ជើងខាងឆ្វេង។ នេះបើតាមសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការចេញសេចក្ដីបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមន្ទីរពេទ្យបង្អែកខេត្តតាកែវបានទទួលព័ត៌មានពីបណ្ដាញសង្គមមួយ ដែលបានចេញផ្សាយនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចោទប្រកាន់ថា ក្រុមគ្រូពេទ្យបានវះកាត់ធ្វេសប្រហែស និងខុសបច្ចេកទេស។

ជុំវិញការចោទប្រកាន់នេះ មន្ទីរពេទ្យបង្អែកខេត្តតាកែវបានបំភ្លឺពន្យល់យ៉ាងដូច្នេះថា៖

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកខេត្តតាកែវបានវះកាត់លើក្មេងស្រីម្នាក់ឈ្មោះ ឆែម ស្រីនុច អាយុ១៩ឆ្នាំ ដែលមានទីលំនៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយអ្នកជំងឺបានចូលសម្រាកពេទ្យពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០៖១៥នាទីព្រឹក មូលហេតុដោយសារជើងខាងឆ្វេងមានភាពមិនប្រក្រតី និងមានការឈឺចាប់យ៉ាងខ្លាំង។

បន្ទាប់ពីបានពិនិត្យ និងថតដោយកាំរស្មីអ៉ិច។ ក្រោយពីបានពិនិត្យហ្វីលរួចមក ឃើញតួឆ្អឹងមានសភាពមិនធម្មតា និងឃើញថាមានការបាក់ឆ្អឹងភ្លៅឆ្វេងផ្នែកខាងក្រោម។ គ្រូពេទ្យបានសាកសួរអ្នកជំងឺ គាត់ឆ្លើយថាធ្លាប់បាក់ជើងឆ្វេងម្តងកាលពីអាយុ១៣ឆ្នាំ រួចក្រុមគ្រូពេទ្យសម្រេចព្យាបាលបណ្តោះអាសន្ន ដោយយកអ្នកជំងឺទៅចោះបណ្តោកទម្ងន់ (Traction Continue) រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបមន្ទីរពេទ្យបញ្ចូនក្មេងស្រីឈ្មោះ ឆែម ស្រីនុច ទៅវះកាត់ដើម្បីតឆ្អឹង។

ពេលចាប់ផ្ដើមវះកាត់ គ្រូពេទ្យបានបើកស្បែកផ្នែកខាងក្រៅនៃភ្លៅ ភ្នាសសាច់ដុំ ពេលនោះក៏មានឈាមពណ៌ខ្មៅហូរចេញមក គ្រូពេទ្យក៏ញែកសាច់ដុំ ដើម្បីរកចុងឆ្អឹងដែលបាក់ ក៏ឃើញដុំឈាមកកធំនៅចន្លោះឆ្អឹងបាក់ទាំងសងខាង។ បន្ទាប់មក ក្រុមគ្រូពេទ្យក៏បានកាយដុំឈាមកកនោះចេញ ស្រាប់តែមានការហូរឈាមចេញយ៉ាងខ្លាំងពីសរសៃឈាមវ៉ែន។ ភ្លាមនោះ ក្រុមគ្រូពេទ្យរកចំណុចដាច់ដើម្បីឃាត់ឈាម តែឈាមនៅតែហូរចេញពីឆ្អឹង ទន្ទឹមនឹងនោះ គ្រូពេទ្យបានបញ្ចូលឈាមក្រុមអូ (O) ចំនួន២ប្លោក តែឈាមនៅតែបន្តហូរចេញពីក្នុងឆ្អឹង។

ក្រុមគ្រូពេទ្យបានពន្យល់ដល់ក្រុមគ្រួសារពីស្ថានភាពអ្នកជំងឺ ដើម្បីសង្គ្រោះជីវិត គឺត្រូវការកាត់ជើងជាបន្ទាន់ ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺជម្នះពុំយល់ព្រម និងសំណូមពរឲ្យបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅភ្នំពេញ ខណៈដែលអ្នកជំងឺកំពុងតែត្រូវការសង្គ្រោះបន្ទាន់នៅនឹងកន្លែង។

បើតាមន័យក្នុងសេចក្ដីបំភ្លឺខាងលើ ក៏មានការចោទប្រកាន់ថាក្រុមគ្រូពេទ្យទាមទារថ្លៃព្យាបាលចំនួន១,៤០០ដុល្លារអាមេរិកផង ប៉ុន្តែមន្ទីរពេទ្យបានបញ្ជាក់ថា ចំពោះពាក្យចោទប្រកាន់ថាក្រុមគ្រូពេទ្យទាមទារប្រាក់ចំនួន១,៤០០ដុល្លារនោះ គឺជាការមូលបង្កាច់ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តតាកែវទាំងស្រុង៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តតាកែវ៖