(ព្រះសីហនុ)៖ សហភាពអឺរ៉ុប អង្គការអភិរក្សសត្វព្រៃកម្ពុជា និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន៥១ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានថ្លែងថា អណ្តើកហ្លួងទាំង ៥១ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis) ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូល យកក្រោយពីបានញាស់ពីបុក ដែលបានការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីចិញ្ចឹមថែទាំឱ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

ក្នុងចំណោមអណ្តើកទាំង៥១ក្បាលនេះ មានញី ៣១ក្បាល និងឈ្មោល២០ក្បាល និងមានអាយុចន្លោះពី ៦ឆ្នាំដល់១៥ឆ្នាំ។ អណ្តើកនីមួយៗដែលត្រូវលែងនេះ មានបង្កប់នូវបន្ទះឈីប (microchip) និងភ្ជាប់ឧបករណ៍តាមដាននៅលើស្នូករបស់វា ដើម្បីងាយស្រួលដល់ក្រុមការងារក្នុងការតាមដានបម្លាស់ទីរបស់វានៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងយ៉ាងដូច្នេះថា៖ «យើងអបអរសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេសអង្គការ WCS ដែលបាននឹងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។»

លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

សហភាពអឺរ៉ុប បាននឹងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។ សហភាពអឺរ៉ុប ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ។

លោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាសំបូរទៅដោយទីជម្រក និងសត្វព្រៃច្រើនប្រភេទ។ អណ្តើកហ្លួងគឺជាប្រភេទមួយក្នុងចំណោមប្រភេទសត្វព្រៃជាច្រើន ដែលចាំបាច់ត្រូវការពារជាបន្ទាន់។ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS គួរតែបន្តកិច្ចប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នា ដើម្បីជួយស្តារប្រភេទនេះឡើងវិញ។ ថ្ងៃនេះ យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានចូលរួមលែងអណ្តើកទាំងនេះចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ»

អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើកទឹកសាបនិ ងអណ្តើកគោកចំនួន ២៥ប្រភេទ ដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។

ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួង ឬអណ្តើកសរសៃ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ២០០០ រដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។

ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ។ សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះរួមមាន កម្មវិធីការពារសំបុកអណ្តើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍ ក្រោមការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយជាច្រើន រួមមាន៖ សហភាពអឺរ៉ុប និងMandai Nature។

ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

ការលែងអណ្តើកនេះ គឺជាផ្នែកមួយនៃគម្រោងអភិរក្សអណ្តើកហ្លួងគាំទ្រដោយសហភាពអឺរ៉ុប និងម្ចាស់ជំនួយផ្សេងទៀតដូចជា Mandai Nature, the Rainforest Trust, the US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance អនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយម្ចាស់ជំនួយមានរាយនាមដូចខាងលើ។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំមួយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលសរុបទាំងប្រាំមួយលើកនេះ មានចំនួន ១៤៧ក្បាល។

បណ្ឌិត សុនចា ឡូហ្ស (Dr Sonja Luz) នាយករងអង្គការ Mandai Nature បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានក្តីរំភើបដោយឃើញមានការលែងអណ្តើកហ្លួងបន្ថែមទៀតចូលទៅក្នុងទីជម្រកធម្មជាតិដែលនេះបង្ហាញអំពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សរបស់អង្គការ WCS។ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ក៏មានសារៈសំខាន់ផងដែរក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។ យើងទាំងអស់គ្នាមានគោលដៅរួមក្នុងការការពារប្រភេទនេះកុំឱ្យផុតពូជ ហើយអង្គការ Mandai Nature នៅតែបន្តប្តេជ្ញាសហការជាមួយដៃគូរបស់យើងដើម្បីសម្រេចគោលដៅនេះ»

បណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា «តាមរយៈការលែងអណ្តើកប្រភេទនេះកាន់តែច្រើនចូលក្នុងទីជម្រកធម្មជាតិ យើងខ្ញុំសង្ឃឹមថាប្រភេទសត្វនេះនឹងអាចបន្តពូជបានកាន់តែច្រើននៅក្នុងទីជម្រកធម្មជាតិក្នុងពេលអនាគត»