(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឲ្យបានល្អនៅពេលអាកាសធាតុចុះត្រជាក់នារដូវនេះ។

ការថ្លែងអំពាវនាវរបស់លោក រស់ ផារិទ្ធ បែបនេះធ្វើឡើងក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋនាំសម្ភារ និងថវិកាមួយចំនួនទៅចែកជូនដល់ក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ នៅក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា ថ្ងៃនេះលោកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាមនុស្សចាស់នារដូវរងារចូលមកដល់ នៅឃុំពងទឹក ដោយអនុវត្តតាមអនុប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានជំរុញ ដល់អាជ្ញាធរ សូមមេត្តាយកចិត្តទុកដាក់ជួយមនុស្សចាស់ក្នុងរដូវរងារ ត្រូវ បង្កលក្ខណៈឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុង នៅក្នុងគ្រាដែលលំបាកនេះ។

លោក រស់ ផារិទ្ធ បានបន្តថា សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ហើយបានស្វះស្វែងរកវ៉ាក់សាំង ចាក់ ជូនប្រជាពលរដ្ឋរដ្ឋដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះរដូវនេះ គឺជារដូវច្រូតកាត់ហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ចៀសវាងនាំឲ្យឈឺខាតបង់ថវិកា និងពេលវេលាផងដែរ។

លោកបានថ្លែងណែនាំឲ្យបបង្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវត្ដនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។ មួយវិញទៀតត្រូវរៀនរស់តាមបែបកន្លងថ្មីនៃបរិបទ ជំងឺកូវីដ១៩នឹងត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ក្នុងការលើកស្ទួយជីវភាពឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែល ប្រទេសកម្ពុជាបានបើកដំណើរការលើគ្រប់វិស័យឡើងវិញ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំពងទឹកនេះ លោក រស់ ផារិទ្ធ បាននាំយកសម្ភារៈជូនមួយចំនួន រួមមាន៖ ភួយ១, សារ៉ុង១, ក្រម៉ា១, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ម៉ាស១ប្រអប់, អាល់កុល១ដបតូច និងថវិកាចំនួន ១០,០០០រៀល ចែកជូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោកក៏បានផ្តល់ថវិកាចំនួន ៤០០,០០០រៀល ដល់គណៈកម្មាធិការគណបក្សឃុំពងទឹក ដើម្បីឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ និងបានជួយឧបត្ថម្ភថវិកា ៣០០,០០០រៀល ជួយជួយជួសជុលផ្លូវលំក្នុងភូមិអណ្តូងក្រសួង ឃុំពងទឹក ដែលរងការខូចខាតដោយទឹកភ្លៀងក្នុងរដូវវស្សានេះ ព្រមទាំងបានជូនក្រមា១ និងថវិកា ១០,០០០រៀលក្នុងម្នាក់ ជូនដល់មេភូមិទាំង៩ និងក្រុមប្រឹក្សាឃុំពងឹកផងដែរ៕