(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំការ ប្រឡងថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងជ្រើសរើស បេក្ខជនបញ្ចូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។

ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។

រដ្ឋបាលខេត្ត បានកំណត់យកកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចយកវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើជាមណ្ឌលប្រឡង។

គូរបញ្ជាក់ថា បេក្ខជនប្រឡងសរុបចំនួន ៩៣នាក់ ស្រី ៥៥នាក់ ក្នុងនោះរួមមាន៖ ក្របខណ្ឌ «ក» ចំនួន ៤៣នាក់ ស្រី ១៨នាក់ និងក្របខណ្ឌ «ខ» សរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕