(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់មហាឧបាសិកា ស ស៊ន់ ដែលត្រូវជាបងស្រីបង្កើតរបស់សម្ដេចក្រឡាហោម។

ក្នុងសារលិខិតរំលែកមរណទុក្ខនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ មហាឧបាសិកា ស ស៊ន់ នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១:៤៥នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវសេចក្តីស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះ ការបាត់បង់រូប មហាឧបាសិកា ស ស៊ន់ ដែលជាបងស្រី ជាម្តាយ ម្តាយក្មេក និងជីដូនដ៏ឧត្តម ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គបំពេញភារកិច្ចជំនួសម្តាយក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំណែនាំផ្តល់ដំបូន្មានដល់ប្អូនៗ និងកូនចៅ រហូតបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។

នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ ខ្ញុំនិងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពចូលរួមរំលែកនូវមរណទុក្ខដ៏សែនសោកសង្រេង ប្រកបដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាទ្ធបាសិកា ស ស៊ន់ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»