(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង លើកទឹកចិត្តឲ្យមានការស្វែងយល់ពីសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ឲ្យបានកាន់តែច្រើន ស្របពេលប្រទេសកម្ពុជាធ្វើជាប្រធានសមាគមននេះ នៅ២០២២ខាងមុខនេះ។

ការលើកទឹកចិត្តរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពី «ការជជែកស្វែងយល់ពីអំពីអាស៊ាន» ដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជា។

លោកបានលើកឡើងថា ការយល់ដឹងពីអាស៊ាន មានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន។ លោក ហង់ជួន ណារ៉ុន ក៏បានបង្ហើបថា មានឯកសារ ២ទៀត ដែលលោកនឹងរៀបចំបោះពុម្ភជាសៀវភៅ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតពីអាស៊ាននេះ។

សូមជម្រាបថា សិក្ខាសាលា ស្ដីពី «ការជជែកស្វែងយល់ពីអំពីអាស៊ាន» មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងវាគ្និនមកពីនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ានតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកគ្រូ អ្នកគ្រូ និង និស្សិតមកពីសាកលវិទ្យាល័យមួយចំនួន ។

សិក្ខាសាលានេះមានគោលបំណងផ្ដល់ចំណេះដឹងបន្ថែមសំខាន់ៗ អំពីសមាគមប្រជាជាតិអាស៊ានជូនដល់និស្សិត និង លោកគ្រូ អ្នកគ្រូ គ្រប់គ្រឹះស្ថានឧត្តមសិក្សាជាសមាជិកក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជាដូចខាងក្រោម ៖

១៖ ចំណេះដឹងអំពីប្រវត្តិ និងរចនាសម្ព័ន្ធ សមាគម ប្រជាជាតិ អាស៊ាន។
២៖ ការផ្លាស់ប្ដូរនិស្សិត និងការទទួលស្គាល់ក្រេឌីតក្នុងបណ្ដាញសកលវិទ្យាល័យក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលញញួរធ្វើជាប្រធានអាស៊ាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ពីប្រទេសព្រុយណេ។ នេះជាការទទួលភារកិច្ច លើកទី៣ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតំបន់ និងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ទទួលភារកិច្ចជាម្ចាស់ផ្ទះនៅលើកទី១ ក្នុងឆ្នាំ២០០២ និងលើកទី២ ក្នុងឆ្នាំ២០១២។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងយកចិត្តទុកដាក់ជាអាទិភាព ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ រួមមាន៖ សសរស្តម្ភនយោបាយ និងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕