(ភ្នំពេញ)៖ លោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធាចាស់ បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោយបញ្ចប់ការប្រឈមជំងឺកូវីដ១៩ កងទ័ពប្រទេសកម្ពុជា និងរុស្ស៉ី នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាឱ្យបានកាន់តែជិតស្និទ្ធ ថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។

ការបង្ហាញនូវជំនឿជឿជាក់បែបនេះ របស់លោកវរនាវីឯក Vitaly LUCHSHEV បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក និងលោកវរសេនីយ៍ឯក Sergei SHUMILIN អនុព័ន្ធយោធាថ្មី អមស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរូបលោកទាំងពីរ កំពុងបំពេញបេសកកម្មការទូតយោធា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងជំនួបសម្តែងការគួរសមនាឱកាសនោះ លោកវរនាវីឯក Vitaly LUCHSHEV បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ពេលវេលាអនុញាត ឱ្យរូបលោកទាំងពីរ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកវរនាវីឯក Vitaly បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកមកនេះ រូបលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបាននូវភាពកក់ក្តៅ ទាំងក្នុងកិច្ចសហប្រតិបត្តិការក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ប្រកបដោយភាពស្និទ្ធស្នាល នឹងការគោរពស្រឡាញ់។

លោកវរនាវីឯក Vitaly LUCHSHEV បានបង្ហាញពីមោទនភាព ចំពោះការបំពេញភារកិច្ចជោគជ័យជាច្រើននៅកម្ពុជា ជាពិសេសជាមួយគ្រប់ស្ថាបន្ត អង្គភាពជាដៃគូរ របស់កងយោធពលខេមរភូមិន្ទ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-រុស្សី ដែលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រទេសរុស្ស៉ី គឺជាមិត្តដ៏ល្អតាំងពីយូលង់ណាស់មកហើយ ហើយក៏ជាប្រទេសមួយដែលបានចូលរួម នឹងខិតខំស្វះស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនសហព័ន្ធរុស្ស៉ី ដែលរហូតមកបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ គ្រឿងបំពាក់ផ្សេងៗ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើគ្រប់ជំនាញជូនដល់អតីតកងទ័ពរដ្ឋកម្ពុជា និងកងយោធពលខេមរភូមិន្ទបច្ចុប្បន្ន រហូតមានការរីកចម្រើន។

តាមរយៈនៃកិច្ចសហប្រតិបត្តិការទំនាក់ទំនងដ៏ល្អនេះកន្លងមក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នាពេលកន្លងមករុស្ស៉ី ក៏ធ្លាប់បាននាំនាវាចម្បាំងកងទ័ពជើងទឹក របស់ខ្លួនចូលមកកាន់កម្ពុជា ដើម្បីធ្វើការហ្វឹកហាត់លំហាត់ហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍រួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា ដោយទទួលបានលទ្ធផលជោគជ័យផងដែរ។

ពាក់ព័ន្ធដល់ការរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងនៅសហព័ន្ធរុស្ស៉ី នាឆ្នាំក្រោយនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានស្នើឱ្យភាគីទាំងពីរទំនាក់ទំនងគ្នា ក្នុងការរៀបចំ និងការធ្វើលិខិតស្នាមមកកាន់ក្រសួងការពារជាតិកម្ពុជា ដើម្បីកងយោធពលខេមរភូមិន្ទឆ្លើយតបបានទាន់ពេលវេលាទៅនឹងសំណើរបស់កងទ័ពសហព័ន្ធរុស្ស៉ី ដើម្បីកងទ័ពកម្ពុជា បានចូលរួមក្នុងលំហាត់យោធា ជាលក្ខណៈអន្តរជាតិនេះ នៅប្រទេសរុស្សី នាឆ្នាំក្រោយនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជឿជាក់ថាទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ កម្ពុជា-រុស្សី នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យចំណងសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ មានភាពល្អប្រសើរទ្វេឡើងថែមទៀត៕