(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអន្តរាគមន៍ជួយជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ និងបញ្ជាឲ្យប៉ុស្តិ៍នគរបាលមូលដ្ឋាននាំទៅប្រគល់ផ្ទាល់ជូនពលរដ្ឋតែម្ដង បន្ទាប់ពីទទួលបានការ Comment សំណូមពរពីប្រជាពលរដ្ឋនៅលើ Facebook page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់អធិការនគរបាលខណ្ឌ នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត មួយរយ:ពេលកន្លងមកនេះ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតាមដាន ឆ្លេីយតប ដោះស្រាយ និងចាត់វិធានការ ដេីម្បីធ្វេីការងារសេវាទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការយឺតយាវ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា មកដល់ពេលនេះ នៅតែមាន មន្ត្រីមួយចំនួនតូច ខ្វះការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជា ករណីនៅខណ្ឌឫស្សីកែវ ពលរដ្ឋ Comment មកភ្លាមអំពីភាពយឺតយ៉ាវក្នុងការធ្វើអត្តសញ្ញាណបណ្ណ ក្រុមការងារទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីរៀបចំចាត់ចែងធ្វេីអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ព្រមទាំងយកទៅប្រគល់ជូនដល់ផ្ទះភ្លាម ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានព្រមានថា មន្ត្រីដែលអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺតយាវចាប់ពី២លេីកឡេីងទៅ នឹងត្រូវហៅមកធ្វេីការណែនាំ ធ្វេីកិច្ចសន្យា និងអាចអនុវត្តវិន័យកងកម្លាំង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញានឹងខិតខំបន្ថែមក្នុងការស្រាវជ្រាវលេីករណីយឺតយាវនេះ ហេីយត្រូវតែធ្វេីជូនប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុកចោលយូរទៀតឡេីយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបេីនៅតែមានការផ្តល់សេវាទូទៅមានការយឺតយាវជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋចូលមក Comments ក្នុង Facebook page ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខ 069 516 999៕