(ភ្នំពេញ)៖ អាជ្ញាធរមានសមត្ថកិច្ចថៃ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនពលករខ្មែរចំនួន២២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕