(កំពង់ស្ពឺ)៖ ការជ្រើសរើសបេក្ខភាព គឺជាសិទ្ធិមូលដ្ឋាននៃបេក្ខជនដែលមានប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពស្រឡាញ់ ជាក់ស្តែងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំបេក្ខភាពចំនួន២០នាក់ ដើម្បីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពក្រុមប្រក្សាសង្កាត់ចំនួន៩នាក់ ត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

កិច្ចការនេះធ្វើឡើងក្រោមវត្តមានលោក ជូ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានសង្កាត់រកាធំ លោក ផាត សុផល អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានសង្កាត់រកាធំ។

លោក ជូ សារុន បានលើកឡើងថា យោងតាមសេចក្តីសម្រេចលេខ ១៦៣/០៥២១ ស.ស.គ.ក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ១១/២១ សសរ.សរធ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបានបង្កើតគណៈកម្មការបោះឆ្នោតស្ទាបស្ទង់មតិដើម្បីជ្រើសរើសបេក្ខភាពក្រុមប្រក្សាសង្កាត់ចំនួន២០នាក់ ឈានទៅប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។

លោក ជូ សារុន បានបន្ថែមថា នាថ្ងៃនេះដែរ អង្គបោះឆ្នោតមានវត្តមានចូលរួមចំនួន១៧០នាក់ និងបានបោះឆ្នោតបានចំនួន១៦៤នាក់ មានសន្លឹកឆ្នោតខូចចំនួន៦សន្លឹក។ ទាំងនេះបានបង្ហាញថា អង្គបោះឆ្នោតរបស់គណបក្សប្រជាជនមានឆន្ទៈរួមក្នុងការលើកស្ទួយប្រជាធិបតេយ្យសេរីពិតប្រាកដ ដោយចំណាយពេលវេលាជ្រើសរើសតំណាងរបស់ខ្លួនក្នុងមូលដ្ឋានជាមុន និងឈានទៅប្រកួតប្រជែងថែមទៀត៕