(ឧត្តរមានជ័យ)៖ ពលករខ្មែរចំនួន១០នាក់ ដែលមានបំណងចង់លួចឆ្លងដែន ចូលក្នុងប្រទេសថៃដោយខុសច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីបានធ្វើកិច្ចសន្យាត្រឹមត្រូវ នៅចំពោះមុខសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា ពលរដ្ឋខ្មែរចំនួន១០នាក់ ក្នុងនោះស្រីចំនួន៤នាក់ ត្រូវបានកម្លាំងប្រចាំការគោលដៅអូរស្មាច់ល្បាតពួនស្ទាក់ ឃាត់បាននៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ពីបទមានបំណងលួចឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ នៅចំណុចខាងកើតអូរទី2 ភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។

លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ពលរដ្ឋខាងលើមានទីលំនៅស្រុកអង្គរជុំខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចហើយ លោកក៏បានអនុញ្ញាតឱ្យវិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួន។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានថ្លែងណែនាំបន្ថែម ដល់កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធិភាព ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ៕