(កោះទ្រង់-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការីបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាបរិវេណវត្តសន្ធាទីបារាមហៅវត្តចុងកោះ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ប្រធាន អនុប្រធាន សមាជិកក្រុមការងារក្រុងក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ចៅសង្កាត់កោះទ្រង់ លោកស្រី អស់លោកគណសាខាបក្សភូមិ និងប្រធានក្រុមបក្សចំណុះ ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួន សរុបអ្នកចូលរួមមានប្រមាណ ២៦០ នាក់។

ក្រោយពីអង្គប្រជុំបានស្ដាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋានដែលបានប្រមូលកំលាំងសាមគ្គីប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មគាំទ្រចលនាជាតិក្រោមមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងបានកូវីដ-១៩ ព្រមទាំងបន្តដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តិបង្កឡើងដោយការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ប្រធានក្រុមការងារខេត្តក្រចេះបានលើកឡើងពីកិច្ចការសំខាន់៣យ៉ាង ដែល មន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់យកសម្រាប់របៀបរស់នៅ និងបំពេញការងារបំរើប្រជាជនតាមគន្លងប្រក្រតីភាពថ្មីនៃកូវីដ-១៩ ដើម្បីប្រមូលផ្ដុំ អនុវត្តឱ្យបានសំរេចដោយជោគជ័យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ នោះគឺ៖

ទីមួយ៖ ផ្អែកលើការធ្វើបច្ចុប្បន្នកម្មសមាជិក និងអ្នកគាំទ្រគណបក្សយើង ត្រូវជម្រុញការរៀបចំឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងប្រាកដប្រជាជាក់ស្ដែងនូវរាល់សកម្មភាពការងារចាំបាច់សំរាប់ការត្រៀមលក្ខណៈសព្វបែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋបានទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ទីពីរ៖ ជម្រុញចលនាសកម្មភាពជាក់ស្ដែងផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាជន តាមរយៈអំពើល្អនៃការអនុវត្តភារកិច្ចនយោបាយបំរើប្រជាជន ក្នុងការបន្តចូលរួមប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងបានកូវីដ-១៩ សំរាប់ជំហានបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ឱ្យដើរទន្ទឹមនឹងការពុះពារដោះស្រាយរាល់ផលប៉ះពាល់ជាវិបត្តិដែលបង្កឡើងដោយកូវីដ-១៩។

ទីបី៖ លើកទឹកចិត្ត ជម្រុញចលនាសកម្មភាពជាក់ស្ដែងដោយយកចិត្តទុកដាក់ ការចូលរួមរបស់ស្រទាប់យុវវ័យ ដើម្បីកែលំអលើកកំពស់គុណភាពសេវាសាធារណៈបំរើជីវភាពប្រជាជននៅមូលដ្ឋាន និងដើម្បីរួមចំណែកបណ្ដុះថ្នាល កសាងអភិវឌ្ឍធនធានមនុស្សសំរាប់អនាគត។

ជាចុងក្រោយ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ និងអង្គប្រជុំទាំងមូលបានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ផ្អែកលើប្រៀបនយោបាយ និងកំលាំងនយោបាយរួមជាមួយលទ្ធផលនៃចលនាសកម្មភាពការងារជាក់ស្ដែងរបស់គណបក្ស និងការគាំទ្ររបស់ប្រជាជន យើងពិតជាដណ្ដើមបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខនៅឆ្នាំ២០២២ និង២០២៣ ជាក់ជាមិនខាន។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនេះ ឆ្លៀតពេលបំពេញការងារនៅមូលដ្ឋានខេត្តក្រចេះ ក្រុមការងារក៏បានមូលមតិគ្នាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ប្រមូលបានបច្ច័យចំនួន ១៤ លានរៀល ចូលរួមចាប់មគ្គផលជាមួយប្រជាជន ពុទ្ធបរិស័ទក្នុងពិធីបុណ្យកឋិនទាន ដែលដង្ហែទៅកាន់វត្តសន្ធាទីបារាមហៅវត្តចុងកោះ និងវត្តទីបារាមហៅវត្តក្បាលកោះ ដើម្បីវេរប្រគេនទេយ្យវត្ថុ និងបច្ច័យកសាងដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅទីនោះផងដែរ៕